ប្រធានាធិបតីអាមេរិក ដូណាល់ ត្រំា និងមន្ត្រី៦រូបផ្សេងទៀតនៅសេតវិមានបានឆ្លងកូវីដ-១៩ បង្កក្តីបារម្ភយ៉ាងខ្លាំង ។ សារព័ត៌មានBloombergនៅថ្ងៃទី៣ ខែតុលា បានផ្សាយថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានមនុស្ស៧នាក់រកឃើញឆ្លងកូវីដ-១៩នៅសេតវិមាន ។ ក្រៅពីប្រធានាធិបតីដូណាល់ ត្រាំ និង ភរិយាMelania Trump នៅមានទីប្រឹក្សាជាន់ខ្ពស់លោកស្រី Hope Hicks សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋពីររូប គឺលោកThom Tillis និង Mike Lee ព្រមទាំងនាយកមហាវិទ្យាល័យ Notre Dame John I. Jenkins និងទីប្រឹក្សាសេតវិមាន លោកស្រី Kellyanne Conway។
លោកស្រី Kellyanne Conway គឺជាការណីឆ្លងកូវីដ-១៩ថ្មីបំផុត។ នៅក្នុងសេចក្តីប្រកាសនៅលើបណ្តាញសង្គមTwitter កាលពីថ្ងៃទី២ ខែតុលា លោកស្រី Kellyanne Conway បានប្រកាសថា «ខ្ញុំមានអាការក្អកតិចៗ ប៉ុន្តែសុខភាពនៅតែល្អធម្មតា ហើយខ្ញុំក៏បានចាប់ផ្តើមកាត់ផ្តាច់តាមសំណើរបស់គ្រូពេទ្យ»។ ករណីឆ្លងទាំង៧រូបខាងលើគឺបានចូលរួម ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ពេលនោះគឺប្រកាសពីសមាសភាពចៅក្រមតុលាការជាន់ខ្ពស់ ។
នៅក្នុងពិធីតែងតាំងចៅក្រម គឺលោកស្រី Amy Coney Barrett មានភ្ញៀវអញ្ជើញជាច្រើនហើយមិនមានពាក់ម៉ាស់ការពារនោះឡើយ និងអង្គុយក្បែរគ្នាទៀតផង មិនមានគម្លាតសុវត្ថិភាព ។ នៅពេលនោះមានតែរដ្ឋមន្ត្រីសុខាភិបាលប៉ុណ្ណោះដែលរក្សាគម្លាតហើយពាក់ម៉ាស់ការពារ។
ក្រៅពីនេះ អ្នកសារព័ត៌មានប្រចាំសេតវិមានមួយរូប និង៣រូបទៀត របស់ Washington Post ប្រចាំនៅសេតវិមានក៏បានធ្វើតេស្តវិជ្ជមានចំពោះកូវិដ-១៩ ផងដែរ ៕ដោយ៖ធី រីណា