ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។
លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅរង្វង់មូលក្រុងប៉ោយប៉ែត និងធ្វើការសាកសួរយ៉ាងយូរទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូដែលចតនៅមុខហាងម្តុំផ្ទះសំណាក់ អ៊ូ បូរីណា ប្រាកដមែន។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ក្រោយពីជនរងគ្រោះឈ្មោះ ឆាយ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្ដឹង។ លោកបានដឹកកម្លាំងចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ រស់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅចំណុចរង្វង់មូល និងដកហូតបានម៉ូតូចំនួន១គ្រឿង ម៉ាកយ៉ាម៉ាហាជីធី ពណ៌ក្រហមលាយខ្មៅ ផលិតឆ្នាំ២០១៦ គ្មានស្លាកលេខឋ(ម៉ូតូជនរងគ្រោះ) ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ។
ក្រោយពីសាកសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូដែលចតនៅមុខហាង ម្តុំផ្ទះសំណាក់ អ៊ូ បូរីណា ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ បន្ទាប់ពីរសួរនាំធ្វើកំណត់ហេតុរួច៕
ដោយ៖វណ្ណា