ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងនគរបាលក្រុងតាខ្មៅចាប់ខ្លួនជនល្មើស៤នាក់ក្នុងចំណោម៥នាក់ដែលយកដែកបំពង់ទីបវាយប្លន់យកម៉ូតូជនរងគ្រោះបានសម្រេចនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តកណ្តាល៖ កងកម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតជួបប្រទះ ជនល្មើស៥នាក់ដែលទើបធ្វើសកម្មភាពយកដែកបំពង់ទីបវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅចំណុចដើមទ្រាំង តាមផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ដោយដេញឃាត់ខ្លួនមកវិញបាន៤នាក់ និងរត់គេចខ្លួនម្នាក់ ។

សកម្មភាពវាយប្លន់យកម៉ូតូនេះបាន កើតឡើងកាលពីវេលាម៉ោង១៥៖៥០នាទី រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ។ 

សមត្ថកិច្ចអះអាងថា ជនរងគ្រោះ២នាក់ មិនស្គាល់អត្តសញ្ញាណ ។ ដោយឡែក ជនសង្ស័យ៥នាក់ រួមមាន ៖ ទី១-ឈ្មោះ ជា សិលា អាយុ២១ឆ្នាំ មានទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ជា ផានិត អាយុ១៦ឆ្នាំ មានទីលំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ  រាជធានីភ្នំពេញ, ទី៣-ឈ្មោះ ពេជ្រ វិរៈ អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៤-ឈ្មោះ សុផល វឌ្ឍនា អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងជនល្មើសម្នាក់ទៀតគេចខ្លួនឈ្មោះ កក្កដា អាយុ១៧ឆ្នាំ ។

មធ្យោបាយធ្វើសកម្មភាពគឺក្រុមជនល្មើសប្រើដំបងទីបដែកវាយ។ ចំពោះសម្ភារបាត់បង់វិញ រួមមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខជាម៉ូតូជនរងគ្រោះ និង វត្ថុតាងចាប់យក រួមមានម៉ូតូ២គ្រឿងជារបស់ក្រុមជនល្មើស ។ 

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩៖៣០នាទីយប់ កងកម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតដល់ចំណុចមុខសាលាបឋមសិក្សាព្រែកសំរោង ស្រាប់តែឃើញមានមនុស្ស៥នាក់និងម៉ូតូ២គ្រឿងកំពុងនៅជុំគ្នា ។ 

ពេលឃើញសមត្ថកិច្ចជនសង្ស័យបានជិះម៉ូតូគេចខ្លួន ។ ពេលនោះកងកម្លាំងបានជិះម៉ូតូដេញតាមរហូតឃាត់ខ្លួនបានជនសង្ស័យ៤នាក់និងម៉ូតូ២គ្រឿងយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកទើបវាយប្លន់បានម៉ូតូមួយគ្រឿងនៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ហើយមករកម៉ូយទិញក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង ។

ដោយឡែកជនសង្ស័យ ឈ្មោះ ជា សិលា បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព បាន៣លើករួចមកហើយ គឺលើកទី១និងលើកទី២នៅស្រុកស្អាង ខេត្តកណ្តាល យកបានម៉ូតូម៉ាក Nexចំនួន២គ្រឿងមានគ្នា៦នាក់ មានឈ្មោះ ណាក់ និង លាភ និង៣នាក់ទៀតមិនស្គាល់ឈ្មោះ និង លើកទី៣ធ្វើនៅដើមទ្រាំង ទឹកដីខេត្តតាកែវ ជាមួយឈ្មោះ ណាក់ បានម៉ូតូម៉ាកNex មួយគ្រឿង ហើយលើកនេះខ្លួនមិនបានចូលរួមធ្វើសកម្មភាពទេ តែជួយរកម៉ូយទិញម៉ូតូដែលបក្ខពួកខ្លួនវាយប្លន់បាន ។ 

ក្រោយធ្វើការសាកសួររួច ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ដោយ៖ចេស្តា


ចែករំលែក៖