ព័ត៌មានទាន់ហេតុការណ៍៖

ផ្ញើកូនឲ្យម្តាយជួយមើលរួចទៅធ្វើការរោងចក្របាត់ ដូចទុកឲ្យកូនលង់ទឹកស្លាប់

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​ ៖​ក្មេងស្រីម្នាក់ទៅលេងទឹកស្រះនៅខាងក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់គ្មានអ្នកណាដឹងជួយទាន់ ខណៈ​ឪពុក​ម្តាយ​ទុក​ឲ្យ​នៅ​ជាមួយ​ជីដូន​ ហើយជីដូនជាប់រវល់ការងារផ្ទះមិនបានចាប់អារម្មណ៍មើលចៅដោយប្រុងប្រយ័ត្ន។ 

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នៅ​នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ នៅភូមិ​ទ័ព​បោះ​ ឃុំ​ធ្លក​វៀន​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង។​

ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលធ្លកវៀន បានឲ្យដឹងថាក្មេងស្រី​រង​គ្រោះ​ឈ្មោះ​ ហាន​ បញ្ញា​ អាយុ​៣​ឆ្នាំ​ ឪពុក​ឈ្មោះ​ សេង​ ហឿ​ន​ ម្ដាយ​ឈ្មោះ​អៀម​ ផល្លា​ រស់នៅ​ភូមិ​ទ័ព​បោះ​ ឃុំ​ធ្លក​វៀន​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ។​

សាក្សីបានឲ្យដឹងថា មុន​ពេល​កើតហេតុ​ ឪពុក​ម្ដាយ​បាន​ទៅ​ធ្វើការ​នៅ​រោងចក្រ​ ​ទុកកូនជាជនរងគ្រោះឱ្យយាយជួយមើលថែ ។​ ពេលនោះចៅនៅលេងក្រោមផ្ទះហើយយាយបានឡើងទៅយក​អង្ករ​នៅ​លើ​ផ្ទះ​មក​អុំដាំបាយហូប ។ លុះពេល​ចុះ​មក​វិញ​ស្រាប់តែ​បាត់​ចៅ​ពីក្រោម​ផ្ទះ​ ហើយ​ក៏​ដើរ​រក​ជុំវិញ​ផ្ទះ​ប៉ុន្តែ​មិនឃើញ​ គាត់​ក៏​ប្រើ​ប្អូនថ្លៃ​គាត់​ឈ្មោះ​ យឿ​ង​ ជួយដើរ​រក​ ។​ ពេល​នោះ​ឈ្មោះ​ យឿ​ង​ បាន​ដើរ​រក​ក៏​ប្រទះ​ឃើញ​ក្មេង​នោះ​ក្លាយជាសពអណ្ដែត​ទឹក​នៅ​ក្នុង​ស្រះ​ពី​ខាងក្រោយ​ផ្ទះ​ដែល​មាន​ចម្ងាយប្រហែល ១៥០​ ម៉ែត្រ​ពី​ផ្ទះ​ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា កុមារីរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ប្រាថ្នា


ចែករំលែក៖