ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានប្រើហិង្សាវាយឪពុកបង្កើតរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទីយប់ នៅត្រង់ចំណុចក្នុងផ្ទះគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ បណ្តុះ សូលីដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ សូម៉េត បណ្តុះ ភេទប្រុស អាយុ ៥៦ឆ្នាំ ។
លោកបានបន្ដថា កាលពីថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង ០០នាទី ជនរងគ្រោះ(ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ) កំពុងសម្រាកនៅក្នុងផ្ទះ ស្ថិតក្នុងភូមិអន្លង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យផឹកស្រាស្រវឹងបានជេរប្រមាថមើលងាយឈ្មោះ ហោ យ៉េម ភេទស្រី អាយុ៤៣ឆ្នាំ(ត្រូវជាស្រីស្នេហ៍របស់ជនសង្ស័យ) ហើយជនរងគ្រោះ ( ឪពុក បង្កើតរបស់ជនសង្ស័យ) បានហាមឃាត់ជនសង្ស័យកុំឲ្យឈ្លោះប្រកែកគ្នា តែជន សង្ស័យមិនស្តាប់ ហើយថែមទាំងជេរជន រងគ្រោះថា អាចោរម្រ៉ាយឯងមកវ៉ៃអញមក។
បន្ទាប់មកជនរងគ្រោះបានស្ទុះទៅទះកំ ផ្លៀងជនសង្ស័យខាងស្តាំមួយដៃ ហើយជនសង្ស័យខឹងក៏បានរុញច្រានជនរង គ្រោះផ្អឹបនិឹងជញ្ជាំង រួចទាញកង្ហារវ៉ៃទៅ លើជនរងគ្រោះពីក្រោយមួយកង្ហារបណ្តាលឲ្យកង្ហារបាក់ជាពីរកំណាត់។ ពេលឃើញដូចនេះឈ្មោះ ឡេង ណារ៉ុង ភេទស្រី អាយុ៤៩ឆ្នាំ (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ និងជាម្តាយបង្កើតរបស់ជន សង្ស័យ)បានចូលទៅឃាត់ហើយចាប់ទាញជនរងគ្រោះចេញក្រៅផ្ទះ ខណៈនោះជនសង្ស័យបានជេរជនរងគ្រោះថា អញសម្លាប់អាចោរម្រ៉ាយឯងឲ្យងាប់ រួចជនសង្ស័យបានស្ទុះទៅដាល់ជនរងគ្រោះមួយដៃចំកណ្តាលមុខដួលផ្ងារទៅក្រោយលើឥដ្ឋការ៉ូបណ្តាលឲ្យបែកក្បាលសន្លប់បាត់ស្មារតី យកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដង្កោ ដេរចំនួន៣ថ្នេរ។
ចំណែកឈ្មោះឡេង ណារ៉ុង បានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស រួចសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធីច្បាប់តែម្តង ៕
ដោយ៖ ភារ៉ា ដង្កោ