អន្តរជាតិ៖ សណ្ឋាគាររបស់ថៃមួយកន្លែង ដែលមានទីទាំងស្ថិតនៅកោះ Ko Pha Ngan ខេត្ត Surat Thani ភាគខាងត្បូងនៃប្រទេសថៃមានឈ្មោះថា“Le Palais Hotel”បានយករចនាប័ទ្ម នៃសម្បតិ្តបេតិកភណ្ឌពិភពលោកដែលជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា ជាច្រើនទៅសង់ឡើងវិញ ដើម្បីតុបតែងលម្អក្នុងបរិវេណសណ្ឋាគាររបស់ពួកគេ។ ចំពោះរចនាបថនៃប្រាសាទរបស់ប្រទេសកម្ពុជាដែលសណ្ឋាគារថៃមួយនេះបានយកទៅសង់ឡើងវិញនោះមានដូចជា រូបចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបន្ទាយស្រី។ នេះបើយោងតាម Page ដែលមានឈ្មោះថាAmazing SEA Culture បានបង្ហោះលើបណ្ដាញសង្គម ។
យោងតាមផេក Amazing SEA Culture ដដែលបន្តថា កន្លងមកប្រទេកម្ពុជាធ្លាប់បានផ្តល់សិទ្ធិទៅកាន់ប្រទេសអេស្ប៉ាញនិងថ្មីៗនេះគឺប្រទេសចិនសម្រាប់ឲ្យប្រទេសទាំងពីរនេះអាចយករចនាប័ទ្ម នៃចម្លាក់ប្រាសាទកម្ពុជាទៅសាងសង់ឡើងវិញបាន តែសម្រាប់ប្រទេសថៃនៅមិនទាន់ទទួលបានសិទ្ធិនេះឡើយទេ។
ដូច្នេះហើយទើប Amazing SEA Culture ចោទសួរថា តើសណ្ឋាគារថៃពិតជាបានសុំសិទ្ធិត្រឹមត្រូវពីប្រទេសកម្ពុជាឬអត់? ហើយចំពោះភាគីខាងកម្ពុជាវិញតើបានដឹងរឿងនេះហើយឬនៅ? Page មួយនេះក៏បានបញ្ជាក់ផងដែរថា ចង់ឲ្យប្រទេសនៅលើពិភពលោកទាំងអស់ចេះគោរពគ្នានិងផ្តល់កិត្តិយសឲ្យគ្នាទៅវិញមកនិងកុំយកស្នាដៃរបស់ប្រទេសណាមួយទៅធ្វើជារបស់ខ្លួនអី។
សូមជម្រាបថា ក្នុងករណីប្រទេសណាមួយយកស្នាដៃរបស់ប្រទេសណាមួយផ្សេងទៀតមកសាងសង់ឡើងវិញ ប្រទេសទាំងនោះត្រូវតែសុំសិទ្ធិពីប្រទេសដែលជាម្ចាស់កម្មសិទ្ធជាមុនសិនដើម្បីជាការផ្តល់កិត្តិយស ហើយពេលសាងសង់រួចគួរប្រាប់ឈ្មោះប្រទេសដែលជាម្ចាស់កម្មសិទ្ធនោះផង ដើម្បីចូលរួមផ្សព្វផ្សាយស្នាដៃទាំងនោះប្រកបដោយក្រមសីលធម៌៕
ប្រភព៖ហ្វេសប៊ុក