ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិនត្រៀមលក្ខណ:សម្បត្តិជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានភ្លៀងនៅបន្តធ្លាក់បង្កជាទឹកជំនន់

ចែករំលែក៖

ខេត្តប៉ៃលិន៖  នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត និងក្រុមការងារ បានអញ្ជើញចុះពនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីត្រៀមធ្វើការសង្គ្រោះ ដល់ប្រជាពលដរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បណ្តាលឲ្យទឹកជន់លិចផ្ទះសម្បែងនិងផលដំណាំប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក ផាន់ ចាន់ធុល បានលើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យទឹកជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន២៣ខ្នង និងលិចផ្លូវលំប្រវែង ១០០ម ស្ថិតក្នុងភូមិកូនដំរី និងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ដោយជួបគ្រោះធម្មជាតិបែបនេះ ទើបលោក ជំរុញអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាព មិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជសពលរដ្ឋណាម្នាក់ឲ្យសោះ។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ នៅពេលដែលមានភ្លៀងធ្លាក់ ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ។

មន្រ្តីមន្ទីធនធានទឹកនិងឧតុនិយមខេត្តប៉ៃលិនបានឲ្យដឹងថា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំទៅហើយ ។នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត កំពុងចុះអន្តរាគមន៍រំដោះទឹកជំនន់ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចៀសវាងទឹកជំនន់នៅត្រាំត្រែងនាំឲ្យខូចផលដំណាំបងប្អូនប្រជាពលរដ្ឋយើង៕

ដោយ៖ប្រាថ្នា


ចែករំលែក៖