ភ្នំពេញ៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ទើបទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក ដែលមានឈ្មោះថា «Mathletics»។ គាត់ជាចៅស្រីសំណព្វចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា៖ យោងតាមតារាង «Mathletics» បានឱ្យដឹងថា វិញ្ញាបនបត្រមាសនេះទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ជាមួយពិន្ទុប្រមាណ ៤៥,១៤០។ ដោយឡែកការទទួលបានវិញ្ញាបនបត្រមាសពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោកនេះ មិនមែនជារឿងថ្មីឡើយសម្រាប់កុមារី ហ៊ុន ពេជ្រមុន្នីលីណា។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានទទួលវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះជាច្រើនលើកមកហើយ។
ការផ្តល់នូវវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះ បានបង្ហាញការខិតខំ និងភាពឆ្លាតវៃរបស់ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលតែងតែប្រឹងប្រែងធ្វើលំហាត់ និងដណ្តើមតំណែងកំពូលលើតារាងកម្មវិធីប្រកួតគណិតវិទ្យា «Mathletics» ទូទាំងពិភពលោក៕
ដោយ៖ សិលា