ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំការិយាល័យជំនាញខណ្ឌ ចុះកាយចង្ហូរប្រឡាយដោះទឹកភ្លៀងនៅមហាវិថីឈ្នះ ឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំការិយាល័យជំនាញខណ្ឌ និងសង្កាត់គោករកា ចុះកាយចង្ហូរប្រឡាយដោះទឹកភ្លៀង នៅមហាវិថីឈ្នះ ចាប់ព្រំប្រទល់ខណ្ឌពោធិសែនជ័យ មកដល់វត្តអង្គក្រពើ សង្កាត់គោករកា ដើម្បីរំដោះទឹកពីប៉ែកខាងលិចរាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

ដោយតបការចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ បានដឹកនាំការិយាល័យជំនាញខណ្ឌ និងសង្កាត់គោករកា ចុះកាយចង្ហូរប្រឡាយដោះទឹកភ្លៀង នៅមហាវិថីឈ្នះ ចាប់ព្រំប្រទល់ខណ្ឌពោធិសែនជ័យ មកដល់វត្តអង្គក្រពើ សង្កាត់គោករកា ដើម្បីរំដោះទឹកពីប៉ែកខាងលិចរាជធានីភ្នំពេញ ដែលភ្លៀងធ្លាក់យ៉ាងគំហុក និងហូរចាក់បន្ថែមមកពីស្រុកអង្គស្នូល ខេត្តកណ្តាល និងកំពង់ស្ពឺ ហើយមួយចំណែកទៀតធ្វើឲ្យកើតមានជំនន់ទឹកភ្លៀងលិចភូមិឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ផងដែរ។

កាយប្រឡាយបើកមុខទឹកនៅទីតាំងស្របវិថីឈ្នះ ឈ្នះជាចាំបាច់គឺដើម្បីរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃដដែល លោកអភិបាលខណ្ឌបានបន្តដឹកនាំមន្រ្តីជំនាញចុះពិនិត្យ ប្រឡាយអមវត្តពូនភ្នំ ដើម្បីត្រៀមកាយរំដោះទឹកតាមប្រឡាយនេះបន្ថែមទៀត។ ក្នុងនោះផងដែរលោកសុខ សម្បត្តិ បាននែនាំអាជ្ញាធរតាមសង្កាត់ត្រូវតាមដានពីស្ថានភាពទឹកនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានទាន់ពេលវេលា ហើយក៏សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ទៅលើផលប៉ះពាល់ ដោយ សារតែការជន់លិចដោយជំនន់ទឹកភ្លៀងនេះដែរ។

សូមបញ្ជាក់ថា មានកត្តា៣សំខាន់ៗ ដែលធ្វើឲ្យភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយ សារជំនន់ទឹកភ្លៀង គឺបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់ ១០៥mm ក្នុងមួយវិនាទី, ផ្ទៃរងទឹកភ្លៀងដែលធ្លាប់តែទទួលចែករំលែកទឹកទៅតាមអូរ ប្រឡាយ ឬវាលស្រែនានា ត្រូវបានអភិវឌ្ឍទៅជាសំណង់លំនៅឋាន និងមួយចំណែកទៀត មានការចាក់ដីរំលោភប្រឡាយពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹក មិនអាចហូរទៅណាបានក៏បណ្តាលឱ្យលិចភូមិសាស្ត្រខាងលើនេះតែម្តង៕ ដោយ៖ ព្រែកសំរោង


ចែករំលែក៖