ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវមានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែរទាំងអស់ដែលកំពុងរស់នៅប្រកប អាជីវកម្ម និងសិក្សានៅប្រទេសឡាវ បានជ្រាបថា ៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលឡាវ នៅរក្សាបន្តបិទច្រកទ្វារព្រំដែនចេញ-ចូលឡាវ ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
• បន្តបិទច្រកទ្វារព្រំដែនតំបន់ និងច្រកទ្វារទ្វេភាគី ដោយហាមមិនឱ្យអ្នកធ្វើដំណើរនិងរថយន្តទំនិញបើកបរឆ្លងកាត់ លើកលែងតែច្រកទ្វារណាដែលត្រូវបានការអនុញ្ញាតពី រដ្ឋាភិបាលឡាវ។
បន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ដោយមិនអនុញ្ញាតឱ្យអ្នកដំណើរទូទៅចេញ-ចូល លើកលែងតែជនជាតិឡាវ និងជនជាតិបរទេស ដែលមានធុរៈ និងមានការងារចាំបាច់ អាចចេញ-ចូលបាន ប៉ុន្តែត្រូវមានការអនុញ្ញាតពីគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩។ ចំណែករថយន្តដឹកទំនិញអាចបើកបរឆ្លងកាត់បានជាធម្មតា ។ វិធានការខាងលើនេះមានសុពលភាពចាប់ពីថ្ងៃទី០១ -៣០ ខែតុលា ឆ្នាំ២០២០ តទៅ។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម និងសិក្សានៅប្រទេស ឡាវ មេត្តាចូលរួមអនុវត្តវិធានការខាងលើឱ្យបានខ្ជាប់ខ្ជួន និងបន្តរក្សាអនាម័យឱ្យបានល្អ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ឱ្យមានប្រសិទ្ធិភាព ៕
ដោយ៖ សិលា