ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន​និងកូរ៉េខាងត្បូង​បញ្ចប់កិច្ចពិភាក្សា​​បើកទ្វារសម្រាប់អ្នកទេសចរប្រទេសទាំងពីរ

ចែករំលែក៖

ប្រភពព័ត៌មានបានផ្សាយថា ជប៉ុន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នា ស្តីពីការបើកទ្វារសម្រាប់អ្នកទេសចរ រយៈពេលខ្លី និងរយៈពេលវែងដល់ពលរដ្ឋប្រទេសទាំងពីរ។ តាមគម្រោងប្រទេសទាំងពីរ នឹងបើកជើងហោះហើរ​នៅក្នុងខែតុលានេះ។
ចំពោះអ្នកទេសចររយៈពេលខ្លី​អាចនឹងមិនត្រូវធ្វើចត្តាឡីស័ក​ដោយបង្ខំរយៈពេល​២សប្តាហ៍ឡើយ ប្រសិនបើបានផ្តល់លិខិតស្នាម បញ្ចាក់ថាបានធ្វើតេស្តអវិជ្ជមានកូវីដ​-១៩ ​ហើយព័ត៌មានស្តីពីការរស់នៅ​និងធ្វើដំណើរ​មិនធ្លាប់ទៅកាន់តំបន់មានករណីឆ្លងច្រើន​។
ចំពោះអ្នកទៅរស់នៅរយៈពេលយូរពលករ​ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល​១៤ថ្ងៃ។ កិច្ចព្រមព្រៀង ខាងលើនេះរវាងទីក្រុងតូក្យូ នឹងសេអ៊ូល​នឹងមានប្រសិទ្ធភាពនៅក្នុងខែតុលានេះ។
សកម្មភាពដំណើរការវិស័យទេសចរណ៍ គឺដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ​។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថានឹងតភ្ជាប់ជើងហោះហើរ​ក្នុងពេលឆាប់ៗ ហើយជើងហោះហើរនោះនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីជប៉ុន​គាន់តែល្អប្រសើរថែមទៀត​។
រដ្ឋាភិបាលទីក្រុងតូក្យូ​បានបិទព្រំដែន​ចំពោះអ្នកទេសចរពីកូរ៉េខាងត្បូង និងប្រទេសជុំវិញពិភពលោកនៅខែមេសា​ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ បើទោះបីពេលនេះ​ជប៉ុននៅតែឲ្យពលរដ្ឋរបស់ខ្លួនដែលចូលមកពីក្រៅប្រទេស​ត្រូវធ្វើចត្តាឡីស័ក​១៤ថ្ងៃ ។ ប៉ុន្តែសម្រាប់អ្នកទេសចររយៈពេលខ្លី គឺមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។
តាមមន្ត្រីក្រសួងទេសចរណ៍ជប៉ុនបានឲ្យដឹងថា កូរ៉េខាងត្បូងឈរលំដាប់ទីពីរ ពីចំនួនភ្ញៀវទេសចរទៅកាន់ជប៉ុនក្នុងឆ្នាំ​២០១៩ គឺមានដល់ទៅ​៥,៥៨ លាននាក់​ បន្ទាប់ពីប្រទេសចិន ។ ក្នុងចំណោមអ្នកទេសចរកូរ៉េខាងត្បូងទៅកាន់ជប៉ុន មានដល់ទៅ​ជាង​៣សែននាក់ មានគោលដៅធ្វើអាជីវកម្ម អ្នកជំនួញ​។
ជាមួយគ្នានេះជប៉ុនក៏បានពិភាក្សាជាមួយ​១៦ប្រទេសផ្សេងទៀត ដើម្បីតភ្ជាប់ជើងហោះហើរ​។ កន្លងមកជប៉ុន ក៏បានបើកទ្វារទទួលអ្នកទេសចររយៈពេលយូរមកពី៩ប្រទេសក្នុងតំបន់ ក្នុងនោះមាន វៀតណាម សិង្ហបុរី ប្រ៊ុយណេ តៃវ៉ាន់ ម៉ាឡេស៊ី…៕

ដោយ៖ធី រីណា


ចែករំលែក៖