ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃ អង្គារ ៤រោចខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ខែ តុលា ឆ្នាំ ២០២០ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព។
នៅក្នុងព្រះរាជសារចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០បានបញ្ជាក់ថា៖ ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអនុញ្ញាតិ និងអនុញ្ញាតិពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់គ្រប់ព្រះអង្គ សម្តេច លោក លោកស្រី លោកតា លោកយាយ មាមីងបងប្អូន និងជនរួមជាតិទាំងអស់អវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី ៦ខែតុលាឆ្នាំ ២០២០ តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព។
នៅក្នុងព្រះរាជសារបានបញ្ជាក់ទៀតថា៖ ក្នុងឱកាស ព្រះអវត្តមានរបស់ព្រះអង្គ សម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា និងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖សិលា