ភ្នំពេញ៖ នេះបើតាមអនុក្រឹត្យរាជរដ្ឋាភិបាលចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតាំងតាំងលោក ឌឹម នី ជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនួសលោក ស៉ិន វណ្ណវុឌ្ឍ ដែលត្រូវផ្ទេរភារកិច្ច។
សូមរំលឹកថា ការដកតំណែងលោក ស៉ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណី ការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សាការពារផលតប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោកកាន់មុខតំណែងជាអភិបាលស្រុកកែវសីមាមកម្ល៉េះ។
បើតាមមន្ដ្រីជាន់ខ្ពស់សាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ របស់លោក ឌឹម នី នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ៕
ដោយ៖ សិលា