ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ត្រូវអ្នកភូមិប្រទះឃើញអណ្តែតទឹកបន្ទាប់ពីបាត់ខ្លួនមួយយប់មួយថ្ងៃខណៈដែលចេញទៅរកឆក់ត្រីម្នាក់ឯងហើយស្រាប់តែបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញ។
ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះស្លាប់អណ្តែតទឹកនោះគឺនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២០ស្ថិតក្នងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វុធ អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តទៀតថា មុនកើតហេតុជនរងគ្រោះបានទៅឆក់ត្រីតែម្នាក់ឯងហើយក៏បាត់ខ្លួនមួយយប់មួយថ្ងៃមិនឃើញត្រឡប់មកផ្ទះវិញទេ លុះស្អែកឡើងអ្នកភូមិក៏បាននាំគ្នាដើរតាមរកមើលតាមបឹងត្រពាំងក៏ប្រទះឃើញតែម្តង។ នៅពេលអ្នកភូមិនាំគ្នាដើររកឃើញនោះ សាកសពបានអណ្តែតនៅក្នុងទឹកបាត់ទៅហើយ។
តាមការសន្និដ្ឋានរបស់លោក មុំ មាស នាយប៉ុស្តិ៍រដ្ឋបាលឃុំសុខសាន្តបានឱ្យដឹងថា ជនរងគ្រោះប្រហែលជាត្រូវចរន្តភ្លើងអាគុយឆក់ស្លាប់ដោយសារតែការធ្វេសប្រហែសខ្លួនឯង។
ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីវ័ន្ត