ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរធ្លាប់ចុះពិនិត្យដែរតែហាក់ស្ងាត់ច្រៀបទៅវិញ ខណៈប្រជាពលរដ្ឋរស់នៅភូមិ១៧មេសា ស្រុកកោះធំ ត្អូញត្អែរបញ្ហាផ្លូវពិបាកធ្វើដំណើរ

ចែករំលែក៖

ខេត្តកណ្តាល៖ អាជ្ញាធរមូលដ្ឋានធ្លាប់បានចុះត្រួតពិនិត្យជាច្រើនដងមកហើយ ប៉ុន្តែហាក់ស្ងាត់ច្រៀបទៅវិញ ខណៈដែលប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិទួលសង្កែ ហៅភូមិ១៧មេសា ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មានការត្អូញត្អែរជាខ្លាំង ចំពោះបញ្ហាផ្លូវធ្វើដំណើរពីថ្នល់ជាតិចូលទៅក្នុងភូមិ១៧មេសា ដោយមានការលំបាក ពិសេសសិស្សានុសិស្សដែលធ្វើដំណើរទៅសាលារៀន ។ 

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១៧មេសា បានឱ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ ថា «ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ មានការពិបាកជាខ្លាំងក្នុងការធ្វើដំណើរទៅណាមកណា ពិសេសសិស្សានុសិស្សមានការលំបាកក្នុងការធ្វើដំណើរទៅសាលារៀន»។ 

ប្រជាពលរដ្ឋដដែលបន្តថា កន្លងមកធ្លាប់ឃើញមានអាជ្ញាធរមូលដ្ឋាន រួមមានខាងអភិបាលស្រុកកោះធំមកពិនិត្យផ្លូវនេះជាច្រើនដងផងដែរ ប៉ុន្តែមកដល់ពេលនេះ ហាក់មានភាពស្ងាត់ឈឹងទៅវិញ ដោយពុំមានការស្ថាបនាអ្វីឡើយ ។ 

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសូមស្នើដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមេត្តាជួយពិនិត្យលើផ្លូវនេះផងដើម្បីឱ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរ។ 

ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋនេះដែរ លោក ហ៊ឹង ហ៊ាន មេឃុំកំពង់កុង បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះថា «ផ្លូវទំនប់ភូមិ១៧មេសា នេះ ស្ថិតក្នុងគម្រោងសិក្សាដល់ដំណាក់កាលចុងក្រោយទៅហើយ រហូតដល់សិក្សាលម្អិតពីផលប៉ះពាល់និង សំណងផ្សេងៗទៀតផង»។ លោកសង្កត់ធ្ងន់ថា នៅតែថ្ងៃចុះបើកការដ្ឋាន ប៉ុណ្ណោះ ។ ដោយឡែកសម្រាប់គម្រោងបើកការដ្ឋាននៅពេលណានោះ លោក ហ៊ឹង ហ៊ាន មេឃុំកំពង់កុង លើកឡើងថា មិនទាន់ដឹងនៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា សម្រាប់គម្រោងនេះ គេបានសិក្សាយ៉ាងជាក់លាក់អស់ហើយ នៅតែថ្ងៃចុះបើកការដ្ឋានប៉ុណ្ណោះ ។ 

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន សូមជួយពិនិត្យមើលផ្លូវនេះផង ធ្វើយ៉ាងណាសម្រួលឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយសារបច្ចុប្បន្ននេះ ពួកគាត់ពិតជាពិបាកធ្វើដំណើរមែនទែន ជាពិសេសមានភ្លៀងធ្លាក់មកម្តងៗ ៕ ដោយ៖ចេស្តា

 


ចែករំលែក៖