ភ្នំពេញ ៖ រថយន្ត Lexus LX470 មួយគ្រឿងបើកឆ្លងផ្លូវត្រូវរថយន្តដឹកស៊ីម៉ងត៍បុកចំពីចំហៀងផ្នែកខាងឆ្វេងវិលមួយជុំបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខវត្តចំការដូង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ឡិចសុីស LX470 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2M-7899 បើកចេញពីផ្លូវខ្លោងទ្វារវត្តចំការដូងក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបើកឆ្លងផ្លូវ លេខ២១៧បត់ឆ្វេងដៃសំដៅទៅទិសខាងត្បូងខណៈឆ្លងផ្លូវជិតផុតទៅហើយ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ5A-0031បើកតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្តឡិចសុីសផ្នែកខាងក្រោយខាងឆ្វេងបណ្ដាលឲ្យវិលមួយជុំរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ ភារ៉ា ដង្កោ