ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះមានមនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ក្នុងករណីលង់ទឹកខណៈប៉ុន្មានថ្ងៃនេះធាតុអាកាសមានសម្ពាធទាប និងធ្លាក់ភ្លៀងពីតិចទៅច្រើនគ្រប់តំបន់ស្ទើរតែ២៤ម៉ោង ។
ហេតុការណ៍ខាងលើបានកើតឡើងនៅក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បណ្ដាលឲ្យក្មេងប្រុសឈ្មោះ សឿន សំណាង អាយុ១៤ឆ្នាំម្នាក់ លង់ទឹកប្រឡាយបណ្ដាលឲ្យស្លាប់ ដែលគេសង្ស័យថាមកពីក្មេងរងគ្រោះចុះលេងទឹកខណៈទឹកកំពុងហូរខ្លាំង ។
ចំណែកករណីផ្សេងមួយទៀតបានកើតឡើងនៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចអន្លង់រាំង ស្ថិតនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ បណ្ដាលឲ្យក្មេងប្រុសឈ្មោះ ចឿន វេហា អាយុ៣ឆ្នាំស្លាប់ ដែលគេសង្ស័យថាបណ្ដាលមកពីការធ្វេសប្រហែសរបស់ឪពុកម្ដាយ ។
ចំពោះករណីទី៣ បានកើតឡើងនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង/ខេត្តពោធិ៍សាត់ បណ្ដាលឲ្យបុរសម្នាក់ឈ្មោះ ឈុន រិទ្ធី អាយុ ៤០ឆ្នាំបានស្លាប់ផងដែរ ដែលអាចបណ្ដាលមកពីជនរងគ្រោះកើតជំងឺស្កន់ហើយធ្លាក់ចូលក្នុងទឹក។
ដូច្នេះសូមបងប្អូនជនរូមជាតិមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈធាតុអាកាសមានសម្ពាធទាប និងធ្លាក់ភ្លៀងជាបន្តបន្ទាប់ស្ទើរគ្រប់តំបន់ ធ្វើឲ្យជំនន់ទឹកភ្លៀងតាមអូរ ស្ទឹង បឹង ទន្លេហូរខ្លាំង និងជន់លិចលង់ស្ទើរគ្រប់ទិសទី នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ៕ ដោយ៖ បុឹម ពិន