ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកសំឡូតប្រកាសឲ្យពលរដ្ឋរកទីទួលមានសុវត្ថិភាពបង្ការទឹកជំនន់

ចែករំលែក៖

បាត់ដំបង៖លោក សើ សាម៉េត បានប្រាប់ឲ្យដឹងតាមប្រព័ន្ធអេឡិចត្រូនិកថា÷ដោយសារស្ថានភាពទឹកភ្លៀងបានបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាពិសេសនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២០កន្លងមកនេះបណ្តាលឲ្យទឹកស្ទឹងមួយចំនួនក្នុងស្រុកសំឡូតបានហក់ឡើងខ្លាំងនិងបានបង្កជាជំនន់លិចផ្លូវថ្នល់ស្រែចម្ការផងដែរនោះរដ្ឋបាលស្រុកសំឡូតបានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យប្រជាពលរដ្ឋពិសេសពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រញូងនិងស្ទឹងសំឡូតបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីមានបញ្ហាប្រឈមខ្លាំងត្រូវត្រៀមលក្ខណះរកទីទួលមានសុវត្ថិភាពជាមុនជៀសវាងគ្រោះអាសន្នមកដល់ជួបនូវការលំបាកក្នុងការដឹកជញ្ជូនកូនចៅឬអីវ៉ាន់ដែលមានតម្លៃផ្សេងៗ។

ប្រភពដដែលបន្ថែមថា÷បើទោះបីនៅព្រឹកថ្ងៃទី៩ខែតុលានេះមូលដ្ឋានស្រុកសំឡូតអាកាសធាតុមិនមានធ្លាក់ភ្លៀងបន្តទៀតក៏ដោយក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ប្រឈមខាងលើត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានជាប់ជាប្រចាំដើម្បីធានាមានសុវត្ថិភាពទាំងអស់គ្នា។

លោក បានបន្តថា៖ ចំពោះមុខតំបន់ដែលប្រឈមជន់លិចខ្លាំងដោយសារទឹកជំនន់មានឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងនោះប៉ះពាល់ជាច្រើនភូមិដូចជានៅចំណុចចម្លងរមាំងលើ ចម្លងរមាំងក្រោម ចំណុចវាលធ្មា អូរសំរិលលើ និងចំណុចភូមិអូរចែងលើ។ ឥទ្ធិពលអាកាសធាតុរងសំពាធទាបបង្កជាទឹកភ្លៀងច្រើនចុងក្រោយនេះបានប៉ះពាល់ជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងស្រុកសំឡូតចំនួន៥៧ខ្នងផ្ទះ លិចដំណាំដំឡូងមីសរុបចំនួន១២៩ហិកតា ដំណាំពោត ចំនួន៧៥ហិកតា ម្ទេស ចំនួន១៨ហិកតានិងបន្លែស្ពៃក្តោបប៉ះពាល់សរុបចំនួន១០ហិកតារួមទាំងខូចខាតផ្លូវ ថ្នល់ចំនួន៧កន្លែងផងដែរ។

ដំណោះស្រាយបន្ទាន់ចំពោះមុខរដ្ឋបាលស្រុកសំឡូតបាននិងកំពុងប្រើប្រាស់កម្លាំងគណ:បញ្ជាការស្រុកទាំង៣កងឯកភាព ក៏ដូចជាក្រុមការងារយុវជនមួយចំនួនទៀតប្រញាប់ប្រញាល់ចុះជួយអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ ពិសេសក្មេងៗ និងមនុស្សចាស់ឲ្យមានសុវត្ថិភាព៕ដោយ៖ស សារ៉េត


ចែករំលែក៖