ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ដោយបញ្ជាក់ថា៖អនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ និងយោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម ( Active Low ) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់ ។
លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើនថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត ។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕ដោយ៖សុខ ខេមរា