ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ចុះពិនិត្យស្ថានភាព ទឹកលិច ដោយជំនន់ទឹកភ្លៀង និងការពិនិត្យមើលការស្ដារ ប្រឡាយ អមមហាវិថីឈ្នះឈ្នះ ដើម្បីរំដោះទឹក

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីជំនាញ អាជ្ញាធរដែនដីនៅទី១០ ខែតុលា ឆ្នាំ២០២០នេះបាន ចុះពិនិត្យស្ថានភាព ទឹកលិចដោយជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ សង្កាត់សាក់សំពៅ និងសង្កាត់ គងនយ ខណ្ឌ ដង្កោហើយបានបន្ត មកពិនិត្យមើលស្ថានភាព ការងារកាយប្រឡាយអមមហាវិថីឈ្នះឈ្នះចំនួន ៣៧ទីតាំង នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល ខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅដែលរងការរំលោភ បំពានចាក់ដីលុបនិងដាក់លូតូចៗជំនួសពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យស្ទះទឹក ដែលក្រុមការ ងារនិងអាជ្ញាធរខណ្ឌបាននឹងកំពុងស្តារនិងកាយប្រឡាយនេះវិញ។

  ក្នុងការចុះពិនិត្យស្ថានភាព ទឹកលិច ដោយជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់ គងនយ ខណ្ឌ ដង្កោ នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់អោយមានក្រុម មន្ត្រី ប្រចាំ ការ នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ចាំជួយអន្តរាគមន៏ជាមួយប្រជាពលរដ្ឋ និងរាយការណ៍បន្ទាន់មក រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ។ ក្នុងនោះដែរ លោក ឃួង ស្រេង បានជួយ ឧបត្ថម្ភ ជាអង្ករដល់ប្រជាពលរដ្ឋ ដែល រងគ្រោះ ដោយ ជំនន់ ទឹក ភ្លៀង នៅសង្កាត់ គងនយ ចំនួន ៩០គ្រួសារ ក្នុង មួយគ្រួសារទទួលបានអង្ករ២៥គីឡូ ផងដែរ ។

  លោក ឃួង ស្រេង ក៏បានបន្តចុះទៅពិនិត្យស្ថានភាព ទឹកលិច និងពិនិត្យសកម្មភាព ជីកកាយប្រឡាយអមមហាវិថីឈ្នះៗចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលុប និងដាក់លូតូចៗ ជំនួសពីប្រជាពលរដ្ឋមួយចំនួនបណ្តាលឲ្យស្ទះទឹកពេលទឹកភ្លៀងធ្លាក់យ៉ាងគំហុកនិងហូរធ្លាក់មកបន្ថែមពី ស្រុកអង្គស្នូលខេត្តកណ្តាល និងកំពង់ស្ពឺមួយចំណែកទៀតធ្វើអោយកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនភ្នំពេញលោកសាំ ពិសិដ្ឋ បានឲ្យដឹងនៅរសៀលថ្ងៃ១០ខែតុលានេះថា ការជីកកាយប្រឡាយអមវិថីឈ្នះៗចំនួន៣៧ទីតាំង នៅតាមមហាវិថីឈ្នះឈ្នះក្នុងភូមិសាស្ត្រខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ទំលាក់ទៅបឹងតម៉ោក គិតមកដល់ ពេលនេះ សម្រេចបានប្រមាណជាង៧០ភាគរយហើយ ហើយ ការងារនេះគ្រោងនឹងបញ្ចប់នៅ១សប្តាហ៍ទៀត ។

លោកឃួង ស្រេងធ្លាប់បានបញ្ជាក់ហើយថាមានកត្តា៣សំខាន់ដែលធ្វើឲ្យិភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀងគឺ៖បរិមាណ ទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់១០៥mm,ផ្ទៃ ទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូ,ប្រឡាយឬវាលស្រែនានាត្រូវបានអភិវឌ្ឍន៏ទៅជាសំណង់លំនៅដ្ឋាន,និងមួយចំណែកទៀតមានការចាក់ដីរំលោភប្រឡាយពីប្រ ជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹកមិន អាចហូរទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង។តែទោះបីយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញបាននឹងខិតខំដោះស្រាយបញ្ហានេះ  តែសុំការចូលរួមសហការ និងការយោគយប់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់ខ្លះក្នុងពេលយើងបើកមុខទឹកនេះ៕ 

ដោយ៖ សំរិត


ចែករំលែក៖