ការទន្ទឹងរង់ចាំ ទាំងរូបភាព និង សារសំខាន់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ ក្នុងឱកាសខួប៧៥ឆ្នាំថ្ងៃបង្កើតបក្ស ពេលនេះ បានបង្ហាញជាសាធារណៈហើយ។
ពិធីដង្ហែក្បួនបានធ្វើឡើងតាំងពីព្រឹកព្រលឹមថ្ងៃទី១០ ខែតុលា ហើយត្រូវបានផ្សព្វផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ជាតិកូរ៉េខាងជើង។ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋថា អរគុណពលរដ្ឋកូរ៉េខាងជើងដែលបានខិតខំទប់ស្កាត់មិនឲ្យមានករណីឆ្លងកូវីដ-១៩។ លោកគីម ជុងអ៊ុន បញ្ចាក់ថា «អរគុណដែលមានសុខភាពល្អ មិនមានកូវីដ-១៩ អរគុណច្រើន»។
ជាមួយគ្នានេះ មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុនបានអរគុណដល់កម្លាំងទាហាន ដែលបានជួយដល់ពលរដ្ឋរងគ្រោះដោយព្យុះនាពេលកន្លងមក ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
នៅក្នុងសុន្ទរកថាដែលចាប់អារម្មណ៍បំផុតនោះ គឺលោកគីម ជុងអ៊ុន បានជូនពរដល់កូរ៉េខាងត្បូងឲ្យឆាប់ឆ្លងផុតកូវីដ-១៩ ហើយពលរដ្ឋកូរ៉េទាំងពីរនិឹងសហការរួមគ្នា ។ ក្រៅពីនេះ មេដឹកនាំកូរ៉េខាងជើងក៏បានជូនពរដល់ពលរដ្ឋនៅលើពិភពលោកមានសុខភាពល្អ ឆ្លងផុតពីជំងឺកូវីដ-១៩។
ពាក់ព័ន្ធវិស័យយោធា លោកគីម ជុងអ៊ុន បានលើកឡើងថា កម្លាំងទាហានកូរ៉េខាងជើងបានត្រៀមលក្ខណៈការពារជានិច្ចនិងបង្កើតសមត្ថភាពស្វ័យការពារ។ លោក មេដឹកនាំកូរ៉េខាងជើង មិនបញ្ចេញឈ្មោះអាមេរិកឡើយ ។
បណ្តាមន្ត្រីការទូតនៅកូរ៉េខាងជើង មិនបានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួននាថ្ងៃទី១០ខែតុលានេះទេ ។ ជាមួយគ្នានោះកូរ៉េខាងជើង ក៏មិនអនុញ្ញាតឲ្យទៅថតរូប វីដេអូក្នុងព្រឹត្តិការណ៍លើកទី៧៥ថ្ងៃបង្កើតបក្សនោះដែរ៕ដោយ៖ធី រីណា