ខេត្តបាត់ដំបង៖ ភារកិច្ចស្នូលរបស់កងទ័ព គឺការពារជាតិ និងប្រជាជន គឺនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនបានដឹកនាំកម្លាំងក្រោមឱវាទចុះជួយចម្លងប្រជាពលរដ្ឋ ដែលជាប់ខ្លួននៅទឹកដីថៃ ចម្លងមកទឹកដីខ្មែរតាមអូរព្រំដែន ស្ថិតនៅភូមិគីឡូ១៣ខាងត្បូង ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
កម្លាំងកងទ័ព បានជួយចម្លងតាមខ្សែពួរ យ៉ាងប្រុងប្រយ័ត្ន ខណៈទឹកហូរខ្លាំង ប៉ុន្តែទឹកចិត្តកងទ័ពប្រឹងគ្រប់មធ្យោបាយ ជួយរំដោះជនរួមជាតិ ដោយគ្មានភាព លំបាក នឿយហត់។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែររុងរឿង ខ្មែររួបរួមគ្នាថែរក្សាសន្តិភាព ដែលរកមកដោយការដ៏លំបាកនេះ ឱ្យគង់វង់ រីកចម្រើនសម្រាប់កូនខ្មែរ ជាតិខ្មែរ ។
សូមជម្រាបផងដែរថា៖ ខេត្តបាត់ដំបង ផ្អាកបណ្តោះអាសន្ន រថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្ត ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅរសៀលថ្ងៃនេះ ៕
ដោយ៖ សុខ ខេមរា