ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក បានចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកស្ពាន៧មករា និងចុះពិនិត្យមើលផ្លូវទឹកលិច នៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មានប្រសាសន៍នាឱកាសចុះពិនិត្យនេះ អភិបាលខេត្ត បានណែនាំដល់មន្ទីរធនធានទឹក អាជ្ញាធរស្រុក និងអង្គភាពពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ខ្ពស់ តាមដាននូវរាល់ស្ថានភាពទឹក នឹងត្រូវចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីមានទឹកជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ។ ជាងនេះទៀតអាជ្ញាធរស្រុក ត្រូវត្រៀមគ្រប់មធ្យោបាយក្នុងការចុះជួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា មិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់បានឡើយ។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា កម្ពស់ទឹកនៅទ្វារទឹកស្ពាន៧មករា មានកម្ពស់ ៥.៤២ ម៉ែត្រ ហើយកម្ពស់ទឹកនេះមិនទាន់ដល់កម្រិតនៃការប្រកាសភាពអាសន្នឡើយ ដែលកម្ពស់ទឹកនេះមានកម្ពស់ប្រហាក់ប្រហែលនឹងឆ្នាំមុនៗផងដែរ។
លោកបន្តថា មកទល់ពេលនេះមិនទាន់មានភូមិរបស់ប្រជាពលរដ្ឋណាមួយ ទទួលរងនូវការលិចលង់នោះទេ តែនៅទីតាំងមួយចំនួនបានហូរឆ្លងកាត់ផ្លូវនឹងចូលទៅក្នុងវាល ដែលមិនមានស្ថានភាពអ្វីប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវការការអន្តរាគមន៍ពីអាជ្ញាធរនៅឡើយទេ។
ដោយឡែកលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានឱ្យដឹងថា ឃុំពើក ស្ថានភាពទឹកបច្ចុប្បន្ន កំពុងជន់លិចលើកំណាត់ផ្លូវ ក្នុងភូមិប្រវែងជាង៤០០ម៉ែត្រ លើប្រវែងផ្លូវសរុប៤០០០ម៉ែត្រ ប៉ះពាល់មិនធ្ងន់ធ្ងរដល់លំនៅដ្ឋានប្រជាពលរដ្ឋឡើយ។ ដោយឡែកចំណុចអូរធំ និងចំណុចប្រឡាយសម្តេចតេជោ ស្ថិតក្នុងភូមិសាំងដំរី ឃុំឆក់ឈើនៀង ជាប្រឡាយយុទ្ធសាស្ត្រ សម្រាប់ការរំដោះជំនន់ទឹកភ្លៀងពី ភូមិសាស្ត្រឃុំទាំង៥ដែលស្ថិតប៉ែកខាងជើងស្រុកអង្គស្នួល ហូរទម្លាក់ឆ្ពោះទៅកាន់បឹងតាមោក រាជធានីភ្នំពេញ៕ដោយ៖ឆដា