ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តពោធិ៍សាត់ បន្តផ្អាករថយន្តធុនធំធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ ដោយសារទឹកជន់លិច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បើយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលសាលាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ គឺលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបន្តហាមឃាត់រថយន្តធុនធំ ធ្វើចរាចរណ៍ ដោយសារជំនន់ទឹកភ្លៀង បានជន់លិចលើកំណាត់ផ្លូវនេះ។

នៅក្នុងក្រុងពោធិ៍សាត់ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឲ្យលិចលង់ផ្លូវមួយចំនួន នៅក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលិច។ ព្រោះតែការជន់លិចនេះរដ្ឋបាលខេត្ត សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ 

សូមរម្លឹងផងដែរថា ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ម្សិលមិញ អាជ្ញាធរខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ដោយស្ថានភាពទឹកទំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលជាច្រើនថ្ងៃមក ធ្វើឲ្យក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្កឲ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន៥ក្រុង/ស្រុក៕

ដោយ៖ សិលា


ចែករំលែក៖