ព័ត៌មានទាន់ហេតុការណ៍៖

ចិនផ្តល់ជំនួយឥតសំណងប្រមាណ ១៤០លានដុល្លារ សម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ភាគីមិត្តចិន បានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា ដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់ (ប្រហែល១៤០លានដុល្លារ)ដល់កម្ពុជា ។ នេះបើយោងតាម លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន បានប្រកាសឱ្យដឹង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ 

សូមបញ្ជាក់ថា៖ ការបញ្ជាក់អំពីប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងរបស់ចិន សម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា ដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់នេះ បានធ្វើឡើងដោយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅសណ្ឋាគារសូហ្វីតែល កាលពីល្ងាច នៅថ្ងៃទី១១ ខែតុលា ២០២០។

ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩វិញ លោកបញ្ជាក់ថា ចិននឹងផ្ដល់វ៉ាក់សាំងនេះ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។ ជាមួយគ្នានេះ លោកសន្យានាំចូលកសិផលកម្ពុជាថែមទៀត ដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ចិនក៏បានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល ស្នើឱ្យកម្ពុជាគាំទ្រផងដែរ។

ជាការឆ្លើយតប លោក វ៉ាង យី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅអំឡុងពេលដែលចិនកំពុងរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា។ លោកលើកឡើងអំពីការចុះហត្ថលេខា FTA ដោយអះអាងថា ដោយសារសម្ដេចតេជោ ហ៊ុន សែន និង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានខិតខំកន្លងមក៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖