ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) លើជំពូកទី៥

ចែករំលែក៖

ភ្នំពេញ៖ ខាងនាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ឱ្យដឹងថា៖ នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃចន្ទទី១២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បន្តលើជំពូកទី៥ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក ប៊ុន ហុន បានឱ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះដែរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ អង្គប្រជុំទាំងមូលបានពិភាក្សាជាបន្តបន្ទាប់ លើមាត្រា១៦, ១៧, ១៨, ១៩ ហើយនៅក្នុងថ្ងៃនេះផងដែរអង្គប្រជុំបន្តចាប់ផ្តើមពិភាក្សាលើមាត្រាមួយចំនួនទៀតនៅ ជំពូកទី៥ នៃសេចក្តីព្រាងអនុក្រឹត្យនេះជាបន្តទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ បានធ្វើឡើងពីរលើករួចមកហើយ ដោយសេចក្តីព្រាងអនុក្រឹត្យទាំងមូល មានបទប្បញ្ញត្តិទូទៅទាំងអស់៩ជំពូក និង៣៨មាត្រា។ ដោយអនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទដើម្បីធានា សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យនេះផងដែរ គឺមានគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ការប្រើប្រាស់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។

ជាពិសេសអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

ដោយ៖ សិលា


ចែករំលែក៖