ភ្នំពេញ ៖ នៅក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញថ្ងៃទី១២ តុលានេះ បានឲ្យដឹងថា៖ ការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី។ រដ្ឋបាលរាជធានី ភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបាន ជ្រាបថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី នៅបន្តធ្វើ កូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាម នៅឡើយ លើកលែងតែកម្មករផ្នែកបោសសំអាត ។ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងក្រុមហ៊ុន ស៊ីនទ្រី និងបងប្អូន កម្មករនិយោជិតជាច្រើនលើក ច្រើនសារ រហូតទទួលបានការព្រមព្រៀងគ្នារួចហើយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែការ ព្រមព្រៀងនេះ ត្រូវបានបងប្អូនកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនគោរពឡើយ ហើយនៅតែ បន្តទាមទារនូវ អត្ថប្រយោជន៍នានាខុសច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុំអាចធ្វើអន្តរាគមន៍ ជូនបានឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឱ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានារបស់បងប្អូនដែលច្បាប់កំណត់។
ក្នុងករណី បងប្អូនចូលបម្រើការងារវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុ អង្គប្រជុំកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុបជា បន្តបន្ទាប់ ដើម្បីប្រមូលសំរាមដែលមានការកកស្ទះនៅរាជធានីភ្នំពេញ ឱ្យអស់ពីសមត្ថភាពលទ្ធភាពដែលមាន។ ឆ្លៀតឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមទាំងនេះ នៅតាមកន្លែងស្តុបណ្តោះអាសន្ន ដែលខណ្ឌ សង្កាត់ នីមួយៗបានកំណត់ ៕ដោយ៖ សំរិត


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច