ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសអនាថាម្នាក់ស្លាប់ទាំងព្រលឹម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជាជនអនាថាដើរតាមផ្លូវត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងព្រលឹម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ០១ Km ១៣១និង១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ជាជនអនាថាមានអាយុប្រមាណជាង៦០ឆ្នាំចំណែកអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណនោះទេបានបើកគេចខ្លួនភ្លាមៗផងដែរ។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសជាជនអនាថាមានអាយុប្រមាណជាង៦០ឆ្នាំបានដើរតាមផ្លូវតែម្នាក់ឯងតាមផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានរថយន្តមិនចាំម៉ាកបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើត
ក៏បុកពេញទំហឹងលាន់ឮសំឡេងជាន់ហ្វ្រ័ងនិងបើកគេចចេញទៅបាត់ទើបអ្នកភូមិចេញមកមើលស្រាប់តែឃើញបុរសអនាថាដេកដួលស្លាប់បាត់ទៅហើយ។

សពត្រូវបានសមត្ថកិច្ចយកមកតម្កល់ទុកនៅវត្តជម្ពូព្រឹក្សារហូតមកដល់វេលាម៉ោង១០ព្រឹកនេះមិនទាន់រកសាច់ញាតិឃើញនៅឡើយ៕ ដោយ៖ យឹម សុថាន


ចែករំលែក៖