ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តីក្រសួងធនធានទឹក ដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ទប់ជំនន់ស្ទឹងព្រែកត្នោត ទាំងយប់ ជួយប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារបចេ្ចកទេសក្រសួង ធេី្វការអន្តរាគមន៍ទប់ជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រលប់ថ្ងៃដដែល វេលាម៉ោង ១៧:០០នាទី ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ខណៈដឹកនាំក្រុមការងារចុះពិនិត្យនិងបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមនឹងជំនន់ទឹកស្ទឹងព្រែកត្នោត ក៏បានបញ្ជាក់ពី ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺដល់កម្រិតប្រកាសអាសន្នប្រឈមនឹងការជន់ជំនន់ស្ទឹងព្រែកត្នោត ដោយសារបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះលើសពីកម្រិត ៧២,៨០ មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ បណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាង កម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ដែលមានកម្ពស់ទ្វារទឹកមុខត្រឹម ៥,៨៥ ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រ ប៉ុណ្ណោះ ។

គិតចាំពីពេលថ្ងៃត្រង់មកដល់ពេលនេះ កម្ពស់ទឹកបានហក់ឡើង ០,៣០ម៉ែត្របន្ថែម ធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់(ដែលបានច្រកបាវខ្សាច់លើកកម្ពស់ ០,៤០-០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹកទៅហូរលើពីបាវខ្សាច់ ហូរចុះទៅផ្នែកខាងក្រោមជាបណ្តើរៗ ហើយ ។

ជាការអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀងលេីសណ្តរស្ទឹងព្រែកត្នោតនេះ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖