លោក Arsene Wenger បានអំពាវនាវឱ្យមានការប្រកួតបាល់ទាត់ពិភពលោកនិងជើងឯកទ្វីបអឺរ៉ុបរៀងរាល់២ឆ្នាំម្តងជាជាងរាល់៤ម្ដងដូចដែលធ្លាប់មានពីមុនមក។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal គឺជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA ដែលលោកមើលការខុសត្រូវ និងដឹកនាំកំណើននៃការប្រកួតទាំងបុរស និងស្ត្រីនៅទូទាំងពិភពលោក។
ជាមួយនឹងការប្រកួតអន្ដរជាតិមួយចំនួនដែលកំពុងធ្វើឡើង លោក Wenger បានលើកឡើងពីចំណង់ចំណូលចិត្តរបស់លោកក្នុងការមានការប្រកួតបាល់ទាត់ពិភពលោក និងជើងឯកអឺរ៉ុបដែលត្រូវបានធ្វើជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំហើយបានធ្វើឱ្យមានការព្រួយបារម្ភអំពីទម្រង់ប្រកួតបច្ចុប្បន្ននៃក្របខ័ណ្ឌ UEFA Nations League ។
លោក Wenger បានប្រាប់សារព័ត៌មាន Bild ថា ព្រឹត្តិការណ៍ World Cup មួយនិង European Championship ជារៀងរាល់ឆ្នាំអាចនឹងកាន់តែសមស្របសម្រាប់ពិភពលោកដ៏ទំនើបមួយនេះ។
លោកទទូចថាការប្រកួតនឹងមិនធ្វើឱ្យស្រពាប់ស្រពោនឡើយប្រសិនបើពួកគេត្រូវបានធ្វើឡើងញឹកញាប់ជាងនេះ ។
លោកបន្តថា “ខ្ញុំតែងតែប្រាប់អ្នកដែលនិយាយថា ការប្រកួតមិនទាក់ទងនឹងពេលវេលាដែលអ្នករង់ចាំមុនពេលលេងម្តងទៀតទេ ប៉ុន្តែផ្ទុយទៅវិញវាជាគុណភាពនៃការប្រកួត។ បន្ទាប់ពីនោះប្រជាជនក៏មើលការប្រកួត Champions League ជារៀងរាល់ឆ្នាំផងដែរ។ ខ្ញុំគិតថាវានឹងក្លាយជាជំហានដ៏អស្ចារ្យដែលកើតមានឡើង”។
លោក Wenger បានអះអាងថា “យើងចាំបាច់ត្រូវលុបចោល Nations League និងស្វែងរកព្រឹត្តិការណ៍ថ្មីកាន់តែច្បាស់ដែលមនុស្សគ្រប់គ្នាយល់ និងស្គាល់ច្បាស់។ ប្រសិនបើអ្នកសួរប្រជាជននៅតាមដងផ្លូវថាតើ Nations League គឺជាអ្វីអ្នកនឹងមិនឃើញមានមនុស្សជាច្រើនអាចពន្យល់បានទេ។ យើងត្រូវមានព្រឹត្តិការណ៍តិចតួចតាមដែលអាចធ្វើទៅបាន។ នេះជាការស្នើសុំផ្ទាល់ខ្លួន ជាជាងការស្នើសុំជាផ្លូវការក្នុងនាម FIFA” ។
គួរកត់សំគាល់ថា សម្រាប់ពេលនេះ FIFA មានផែនការ World Cup ចំនួន៣បន្ទាប់រួចទៅហើយគឺឆ្នាំ ២០២២ (នៅកាតារ), ឆ្នាំ២០២៦ (នៅម៉ិចស៊ីកូ, សហរដ្ឋអាមេរិក និងកាណាដា) និងឆ្នាំ២០៣០ (មិនទាន់ច្បាស់លាស់) ។ ការផ្លាស់ប្តូរដ៏សំខាន់មួយគឺដំណាក់កាលចុងក្រោយនៃការប្រកួតនឹងមានការប្រកួតប្រជែងចំនួន៤៨ក្រុម ជាជាង៣២ក្រុមដូចកាលពីពេលថ្មីៗនេះ។ លើសពីនេះទៀតជំនួសឱ្យក្រុមចំនួន៤នៅក្នុងក្រុមនីមួយៗនឹងមានជំនួសក្រុមចំនួន១៦៕ដោយ៖ភារៈ