ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការ ប្រកាសបិទចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិ៩ខ្សែក្នុងភូមិសាស្ត្រខេត្តកណ្ដាលបណ្ដោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល ៖ បិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាតផ្លូវជាតិតូចធំ ៩ ខ្សែជាបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្នុងនោះរួមមានផ្លូវជាតិលេខ ២, ៣, ៤, ៥, ២០, ២០អា, ២១, ២១អា និងផ្លូវជាតិលេខ ២១បេ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ការប្រកាសបិទចរាចរណ៍លើផ្លូវទាំងនេះ គឺដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាននិងកំពុងជន់ឡើងយ៉ាងខ្លាំង ដែលបានបណ្ដាលឱ្យទឹកលិចកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តកណ្ដាល ខណៈស្ថានភាពបែបនេះធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាននោះទេ។
ដោយឡែកកំណាត់ផ្លូវជាតិលេខ៣ ជិតទំនប់៧មករា ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានទឹកជំនន់ហូរកាត់ជិតប្រវែង១០០ម៉ែត្រ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែតុលា រហូតដល់យប់ថ្ងៃដដែលនេះ។ ចំពោះទឹកទំនប់៧មករា បានហក់ឡើងដល់ ៩,៤៥ម៉ែត្រ លើសពីព្រឹកមុិញដល់ទៅ ០,២០ម៉ែត្រ ហួសកំណត់ពីការប្រកាសអាសន្ន ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំនន់ទឹកភ្លៀងនេះ ពិសេសបងប្អូនរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ដោយ៖សិលា


ចែករំលែក៖