ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តជាប់ផុងហៅរថយន្តមួយគ្រឿងទៀតមកសណ្ដោងអូសចេញដាច់ទម្ពក់ខ្សែកាប្លិ៍ផ្លោង ត្រូវព្រូរថយន្តម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស្ទូចជាប់ផុងក្នុងការដ្ឋានកំពុងសាងសង់ហើយបានហៅរថយន្តស្ទូចមួយគ្រឿងទៀតមកអូសសណ្ដោងចេញ តែមិនប្រយ័ត្នបានដាច់ទម្ពក់ខ្សែកាប្លិ៍ផ្លោងទៅត្រូវព្រូរថយន្ដម្នាក់កំពុងឈរសម្រួលចរាចរណ៍លើផ្លូវចំក្បាលបែករងរបួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យបានស្លាប់បាត់បង់អាយុជីវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង ៤០ នាទីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចការដ្ឋានមួយកន្លែងតាមបណ្ដោយផ្លូវលេខ២០១១  ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទល់មុខផ្សារបឹងឈូកមាស។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចពណ៌សមានដងសន្ទូចពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3F-4050 ចូលមកក្នុងការដ្ឋានសាងសង់មួយកន្លែងដើម្បីស្ទូចលើកដែកដែលផ្សាររួចឡើងលើដំបូលឲ្យជាងផ្សារភ្ជាប់។ ក្រោយពេលលើកហើយស្រាប់តែរថយន្តថយមកខាងក្រោយវិញជាប់ផុងទៅក្រោយមិនរួចក៏បានទាក់ទងហៅរថយន្តស្ទូចមួយគ្រឿងទៀតពណ៌លឿងមកជួយ ហើយក៏បានសណ្ដោងស្ទូចអូសយករថយន្តពណ៌សចេញពីកន្លែងជាប់ផុង ប៉ុន្តែខណៈដែលរថយន្តស្ទូចពណ៌លឿងដាក់សណ្ដោងអូសរថយន្តពណ៌ស ស្រាប់តែបុរសម្នាក់ដែលជាព្រូឡានបានទៅឈរនៅពីក្រោយរថយន្តពណ៌លឿងលើផ្លូវលេខ២០១១ មុខផ្សារឈូកមាសដើម្បីធ្វើចរាចរណ៍បិទផ្លូវ។ លុះពេលដែលរថយន្តបានអូសចេញមកខាងក្រៅស្រាប់តែដាច់ទម្ពក់ទាក់ខ្សែកាប្លិ៍បណ្ដាលឱ្យផ្លោងទៅត្រូវជនរងគ្រោះជាព្រូកំពុងបញ្ជាចរាចរណ៍នៅខាងក្រោយបណ្ដាលឲ្យត្រូវចំក្បាលបែកហូរឈាមរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងតែម្តង។

ក្រោយក្តោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងទៅរថយន្តសាមុយដឹកយកជនរងគ្រោះចេញពីកន្លែងកើតហេតុឆ្ពោះទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះអាយុជីវិតតែដោយសារជនរងគ្រោះរងរបួសធ្ងន់ពេកក៏ដាច់ខ្យល់ស្លាប់មុនទៅដល់មន្ទីរពេទ្យ។ ចំណែករថយន្តស្ទូចពណ៌លឿងបន្ទាប់ពីដាច់ខ្សែកាប្លិ៍ត្រូវព្រូឡានបែកក្បាលរងរបួសធ្ងន់ធ្ងរហើយក៏បានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗតែម្ដង។ក្រោយមកសមត្ថកិច្ចក៏បានឃាត់បាននៅម្ដុំវត្តឃ្មួញទាំងរថយន្តនិងតៃកុងយកទៅកាន់ប៉ុស្តិ៍ឃ្មួញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។                                                                                                                                                                                 ក្រោយមកទៀតសមត្ថកិច្ចឃាត់ខ្លួនជនបង្កម្នាក់និងឡានស្ទូច១គ្រឿង ។ 

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ លន់ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានស្ទូច ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានខ្វះការប្រុងប្រយ័ត្នធ្វើឲ្យក្បាលទម្ពក់សណ្តោងឡានស្ទូចគ្រវាត់ត្រូវចំក្បាលព្រូឡានបណ្តាលឲ្យស្លាប់។  ជនរងគ្រោះ ឈ្មោះ  មុំ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានស្ទូច ស្នាក់នៅក្នុងការាសឡានស្ទូច ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។  សម្ភារបន្សល់ទុក ឡានស្ទូច១គ្រឿង ម៉ាកMITSUBISHI TADANO ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 5A-2828 ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តស្វាយរៀង៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖