ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតអាមេរិក៖ ការតម្រង់ជួរទៅបោះឆ្នោតមុនពេលកំណត់វែងបំផុតមិនធ្លាប់មាន

ចែករំលែក៖

តាមតួលេខ​របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត​ជាតិ​អាមេរិកបានឲ្យដឹងថា​ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មុនកំណត់​បានចាប់ផ្តើមដោយមានចំនួនពលរដ្ឋចូលរួមយ៉ាងច្រើន ។ រូបភាពបង្ហាញឲ្យឃើញថា ពលរដ្ឋឈរតម្រង់ជួររង់ចាំបោះឆ្នោត​យ៉ាងវែងបំផុតមិនធ្លាប់មានពីមុនមក​ ដោយពលរដ្ឋតម្រង់ជួរដល់ទៅ​១១ម៉ោង​ទើបបានចូលទៅបោះឆ្នោត ។
សារព័ត៌មាន​រ៉យទ័រ​បានផ្សាយថា គិតមកដល់ថ្ងៃទី​១៤ខែតុលា មានពលរដ្ឋអាមេរិកដល់ទៅ​១១លាននាក់បានបំពេញតួនាទីរបស់ខ្លួនគឺបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី មុនពេលកំណត់ ។ ការបោះឆ្នោតជាផ្លូវការចុងក្រោយបំផុត គឺនៅថ្ងៃទី​៣ ខែវិច្ឆិកា​។
ម្ចាស់បណ្តាញសង្គម Twitter ឈ្មោះ Johnta Austin ក្នុងទីក្រុង Atlanta បានលើកឡើងថា គាត់ត្រូវឈរតម្រង់ជួរដល់ទៅ​១១ម៉ោង​ទើបបានទៅចូលរួមបោះឆ្នោត ។ ចំណែកគណនីស្ត្រីម្នាក់ទៀត​ក៏បានលើកឡើងថា បានតម្រង់ជួរដល់ទៅ​៨ម៉ោង ។
នៅក្នុងទីក្រុង Smyrna រដ្ឋ​ Georgia​ ពលរដ្ឋម្នាក់បានបង្ហោះឃ្លីបវីដេអូនៅលើបណ្តាញសង្គម​ថា ពលរដ្ឋឈរតម្រង់ជួរយ៉ាងឆ្ងាយ ឆ្លងផុតផ្ទះប៉ុន្មានខ្នង ហើយមានការអត់ធ្មត់យ៉ាងខ្លាំង ទើបអាចរង់ចាំទៅបោះឆ្នោតបាន​។ការតម្រង់ជួរឆ្ងាយដោយសារតែឈរគម្លាតពីគ្នា​ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ នៅទីតាំងបោះឆ្នោត គឺមានការធានា ទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩​ ដោយអ្នកទៅបោះឆ្នោតត្រូវពាក់ម៉ាស់៕ដោយ៖ធី រីណា


ចែករំលែក៖