ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានថ្លែងប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា៖ នាល្ងាចថ្ងៃទី១៥ ខែតុលានេះ ដោយសារស្ថានភាពទឹក នៅបន្ដហូរកាត់ផ្លូវជាតិលេខ៤កាន់តែខ្លាំង ត្រង់ចំណុចអូឌឹម រហូតដល់ម្ដុំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន។
លោកបន្តថា៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ទាំងស្រុង ចាប់ពីចំណុចអូឌឹម រហូតដល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (កំបូល) ដោយសារទឹកហូរកាត់ផ្លូវជាតិកាន់តែខ្លាំង។
បើតាមសេចក្ដីរាយការណ៍ ប្រមាណជាង១សប្ដាហ៍ហើយ ស្ថានភាពទឹកដែលជន់លិចផ្លូវនៅតំបន់អូឌឹម មិនទាន់ស្រកចុះនៅឡើយទេ ពោលនៅមានសភាពជន់លិចខ្លាំងដដែល ដោយរថយន្ដទាបៗ ឬម៉ូតូពេលខ្លះធ្វើដំណើរឆ្លងកាត់មិនបានឡើយ។ ការជន់លិចផ្លូវនេះ គឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃ។
ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទឹកបន្ដជន់លិចខ្លាំងនៅផ្លូវជាតិលេខ៤ ចំណុចអូឌឹម រហូតជិតដល់មុខតំបន់សេដ្ឋកិច្ចពិសេស ហើយសម្រាប់បងប្អូនដែលគ្រោងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចេញ ឬចូលភ្នំពេញ សូមវៀងតាមផ្លូវផ្សេងដែលធ្វើដំណើរបាន។
សង្ឃឹមថា បងប្អូនមានការយោគយល់ពីបញ្ហានេះ ដើម្បីមានឱកាសជួយអន្តរាគមន៍តាមតំបន់ណាដែលមានទឹកជំនន់ បានទាន់ពេលវេលា ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៥ ខែតុលានេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា៖ ព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) កម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ,តំបន់សមុទ្រភ្លៀងធ្លាក់ច្រើន។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងខេត្តជាប់ព្រំដែនប្រទេស វៀតណាម រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន ។
៣- តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕
ដោយ៖ សិលា