ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ បង្ករឡើងដោយសម្ពាធទាប ភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃជាប់គ្នា បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន។ នៅក្នុងប្រទេសឥណ្ឌា មកទល់ពេលនេះ មានមនុស្សស្លាប់ កើនឡើងដល់ទៅ៤៧ នាក់ហើយគិតដល់រសៀលថ្ងៃទី១៥ខែតុលា ។
សារព័ត៌មានSputnik នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា បានផ្សាយថា ក្រៅពីអ្នកស្លាប់ នៅមានពលរដ្ឋជាង ៨ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់នៅថ្ងៃទីបួនហើយគិតត្រឹមថ្ងៃទី១៥ខែតុលានេះ។ ទឹកជំនន់ជន់លិចភ្លាមៗ នៅភាគខាងត្បូងរដ្ឋTelangana និងរដ្ឋAndhra Prades ប្រទេស ឥណ្ឌា។
ដោយឡែកនៅក្នុងប្រទេសវៀតណាមវិញ មកទល់ពេលនេះក៏មានអ្នកស្លាប់កើនឡើង៤០នាក់ផងដែរដោយគ្រោះទឹកជំនន់និងបាក់ដី ស្ថិតនៅភាគកណ្តាលនៃប្រទេសនេះ។
ផ្ទះជាង ១៣៥,៧០០ខ្នងបានជន់លិច ព្រមទាំងចម្ការដំណាំជាច្រើនហិកតាទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅតែបន្តអូសបន្លាយ។
ក្រៅពីអ្នកស្លាប់៤០ នាក់នៅមាន៣៤នាក់ផ្សេងទៀតត្រូវទឹកកួចយកទៅបាត់។ ខេត្តក្រុងដែលរងគ្រោះខ្លាំងជាងគេ គឺ ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ បន្ថែមពីនេះផ្ទៃដីដំណាំប្រមាណជាង ៧,០០០ហិកតាត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ខណៈសត្វពាហនៈជាង ៣៣២,០០០ក្បាលបានងាប់៕ដោយ៖ធី រីណា