ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​រុស្ស៊ី ចង់​បញ្ជូន​កង​រក្សា​សន្តិភាព​របស់ខ្លួន​ទៅ​ឃ្លាំមើល​បទ​ឈប់​បាញ់​អា​មេ​នី​-​អា​ស៊ែ​បៃ​ហ្ស​ង់​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ​បានលើកជាសំណើកាលពីថ្ងៃទី១៤ តុលាថ្មីៗនេះថា រុស្ស៊ីចង់បញ្ជូនកងទ័ពយោធារបស់ខ្លួនទៅសង្កេតមើលបទឈប់បាញ់រវាងអាមេនី និងអាស៊ែបៃហ្សង់ ការលើកឡើងរបស់ប្រមុខការបរទេសរុស្ស៊ីនេះ ធ្វើឡើងក្រោយមានការប៉ះទង្គិចគ្នាជាថ្មីរវាងប្រទេសទាំង ដែលជាការបំពានបទឈប់បាញ់ឯកភាពគ្នានៅរុស្ស៊ី ស្របពេលដែលជម្លោះបានអូសបន្លាយជិតបីសប្តាហ៍មកហើយ

លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងន័យធានាឲ្យភាគីទាំង គោរពបទឈប់បាញ់ លោកក៏បានលើកជាគំនិតមួយ ចង់ឲ្យបញ្ជូនយោធារុស្ស៊ីទៅឃ្លាំមើលសកម្មភាពយោធាអាមេនី និងអាស៊ែបៃហ្សង់នៅតំបន់Nagorno-Karabakh លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានលើកឡើងថា«​មិនចាំបាច់កងរក្សាសន្តិភាពទេ ប៉ុន្តែ​(​វត្តមាន​)​ទាហានសង្កេតការណ៍គឺគ្រប់គ្រាន់ ហើយជារឿងត្រឹមត្រូវបើសិនជាទាហានសង្កេតការណ៍ ជាទាហានរុស្ស៊ី នេះបើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ីSputnik​

ទោះជាយ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏បានអះអាងថា ការទទួលយកទាហានរុស្ស៊ីគឺអាស្រ័យទៅលើភាគីទាំងពីរ លោក​Lavrov ក៏បន្ថែមផងដែរថា អាមេនី និងអាស៊ែបៃហ្សង់ចាំបាច់ជជែកគ្នា ដើម្បីបង្កើតយន្តការឃ្លាំមើលនិងអនុវត្តបទឈប់បាញ់ដែលព្រមព្រៀងនៅឯទីក្រុងមូស្គូ លោក​Lavrov ក៏បានសង្កត់ធ្ងន់ដែរថា បើសិនជាគ្មានដំណោះស្រាយនយោបាយទេ នោះដំណោះស្រាយយោធានៅតំបន់Nagorno-Karabakh ក៏នឹងមិនដំណើរការដែរ

សូមជម្រាបថា កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០២០កន្លងទៅនេះ អាមេនី និងអាស៊ែបៃហ្សង់បានយល់ព្រមលើបទឈប់បាញ់ ដោយមានរុស្ស៊ីជាអ្នកសម្របសម្រួល ទោះជាមានបទឈប់បាញ់ក្តី ការប៉ះទង្គិចគ្នារវាងភាគីទាំងសងខាងនៅបន្តមាន និងចោទគ្នាទៅវិញទៅមកថាជាអ្នករំលោភបទឈប់បាញ់ បទឈប់បាញ់ខាងលើ មានបំណងក្នុងការដោះដូរអ្នកទោសសង្គ្រាម ក៏ដូចជាយកសាកសពទាហានដែលបាត់បង់ជីវិត

ដោយឡែកជុំវិញបញ្ហានេះដែរ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ គាំទ្រគំនិតនេះ តែបញ្ជាក់ថា កងរក្សាសន្តិភាពអាចនឹងបញ្ជូនទៅដរាបណាប្រទេសទាំងយល់ព្រម ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏ចង់បានវត្តមានតួគីនៅក្នុងការចចារ ទោះជាតាមវិធីណាក៏ដោយ

ថ្វីត្បិតតែមានបទឈប់បាញ់ក្តី អាមេនីបានចោទអាស៊ែបៃហ្សង់ថាបានវាយប្រហារសម្ភារៈយោធាដែលស្ថិតក្នុងទឹកដីរបស់ខ្លួន ដោយគំរាមថាអាមេនីក៏មានសិទ្ធិក្នុងការវាយប្រហារទាហានអាស៊ែបៃហ្សង់ ក្នុងទឹកដីអាស៊ែបៃហ្សង់ផងដែរ ចំណែកអាស៊ែបៃហ្សង់វិញអះអាងថា ខ្លួននឹងតបតទៅអាមេនីវិញបើមានការវាយប្រហារលើមូលដ្ឋានយោធា និងស៊ីវិល

គួរបញ្ជាក់ដែរថា ការប្រយុទ្ធគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់ ផ្ទុះឡើងនៅថ្ងៃទី២៧ ខែកញ្ញា នៅក្នុងតំបន់​Nagorno-Karabakh ក្នុងទឹកដីអាស៊ែបៃហ្សង់ ចំណែកតួលេខចុងក្រោយនេះ ការិយាល័យរដ្ឋអាជ្ញាអាស៊ែបៃហ្សង់បានអះអាងថា មានជនស៊ីវិលខ្លួនចំនួន៤៣នាក់ខ្លាប់ខណៈ ២១៤នាក់រងរបួស ចំណែក តំបន់ផ្តាច់ខ្លួន Nagorno-Karabakh អះអាងថាមានទាហានស្លាប់ចំនួន៥៣២នាក់ និងស្លាប់ជនស៊ីវិលចំនួន៣២នាក់

ដោយ៖ស តារា


ចែករំលែក៖