ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីប៉ូលិស​៣រូបក្នុងទីក្រុងបាងកកត្រូវផ្អាកការងារដោយសារទុកឲ្យបាតុករឡោមព័ទ្ធក្បួនព្រះទីនាំងព្រះមហាក្សត្រ

ចែករំលែក៖

មន្ត្រីប៉ូលិស​៣រូប​នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី​១៥ខែតុលាត្រូវបានផ្អាកការងារ ដោយសារតែ​មិនអាចបំពេញភារកិច្ចបានល្អ ទុកឲ្យក្បួនព្រះទីនាំងរបស់ព្រះមហាក្សត្រ ប្រឈមនឹងក្រុមបាតុករ ។
​គេហទំព័រKhaosod បានផ្សាយថា​ប៉ូលិស​ដែលត្រូវ​ផ្អាកការងារគឺ ស្នងការរងប៉ូលិសទីក្រុងបាងកក​ លោក Somprasong Yenthuam, ទីពីរគឺលោកPrasai Jittasonthi មេបញ្ជាការក្រុមទីមួយនៃស្នងការដ្ឋានក្រុងបាងកកនិងទី​៣គឺលោកManop Sukonthanapat មេបញ្ជាការសន្តិសុខ និងគ្រប់គ្រងការប្រមូលផ្តុំគ្នា ។
នៅក្នុងសេចក្តីប្រកាសរបស់ស្នងការប៉ូលិសជាតិថៃ មិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកការងារនោះឡើយ ។
ប្រភពព័ត៌មានបានឲ្យដឹងថា​ មន្ត្រីទទួលខុសត្រូវទាំង៣រូបបំពេញភារកិច្ចមិនបានល្អ ត្រូវទទួលទណ្ឌកម្ម គឺផ្អាកការងារមួយរយៈ។ មន្ត្រីទាំងនោះមិនអាច​បំបែកក្រុមបាតុករនៅតាមផ្លូវ Phitsanulok ពេលក្បួនព្រះទីនាំងព្រះមហាក្សត្រថៃឆ្លងកាត់ទីនោះ កាលពីថ្ងៃទី​១៤ខែតុលា​។
ក្បួនព្រះទីនាំងដឹកព្រះមហាក្សត្រនិងព្រះមហេសី​Suthida ព្រមទាំងរាជបុត្រ Dipangkorn Rasmijoti ទៅកាន់​ទីតាំងធ្វើពិធីសាសនានៅតំបន់​ Wat Arun បានជួបជាមួយក្រុមបាតុករនៅតាមដងផ្លូវ Phitsanulok។ នៅពេលនោះ កម្លាំងប៉ូលិសបានឈរធ្វើជារនាំង​ដើម្បីឲ្យក្បួនព្រះទីនាំងព្រះមហាក្សត្រឆ្លងកាត់ ។
ហេតុការណ៍ទាំងនោះបានធ្វើឲ្យ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា សម្រេច​ចេញបញ្ជាដាក់ទីក្រុងបាងកកក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការជួបជុំគ្នាលើសពី​៥នាក់ ។ ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម មិនខ្វល់ពីច្បាប់ហាមប្រាមនោះឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖