ខេត្តកំពត៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត បានចេញសេចក្តីដំណឹងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះការជន់លិចលំនៅឋាន ខណៈក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក។
ក្នុងនោះបានបញ្ជាក់ថា៖ ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧៖០០នាទីព្រឹក មានកម្ពស់ ១៤៨.៨៩ម៉ែត្រ ទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ម៉ែត្រគូបក្នុង១វិនាទី។ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចនឹងបណ្ដាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។
ដោយសារអាចនឹងលិចលង់នេះ អាជ្ញាធរខេត្តកំពត បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ ផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ។
សូមបញ្ជាក់ថា៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានថា៖ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ភាគពាយ័ព្យ ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ។ បើតំបន់សមុទ្រមានភ្លៀងធ្លាក់ និងរលកខ្លាំង៕
ដោយ៖ សិលា