ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ចិន៖ ប្រាប់​រដ្ឋាភិបាល​កាណាដា​កុំផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយទៅឲ្យ​ឧក្រិដ្ឋជន​ហិង្សា​​ហុងកុង​

ចែករំលែក៖

អន្តរជាតិ៖ លោក Cong Peiwu អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេសកាណាដាបាន​ប្រាប់​រដ្ឋាភិបាល​កាណាដា​ថា៖ បើ​កាណាដា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​ពលរដ្ឋ​ហុងកុង វា​អាច​ប៉ះពាល់​ដល់​សុខទុក្ខ និង​សុវត្ថិភាព​ពលរដ្ឋ​កាណាដា​ដែល​កំពុង​រស់នៅក្នុង​ក្រុង​ហុងកុង​។ ពាក់ព័ន្ធ​ការផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ឲ្យ​បាតុករ​ទាមទារ​ប្រជាធិបតេយ្យ​ហុងកុង​ រដ្ឋមន្ត្រីការបរទេស​កាណាដា ក៏បានប្រតិកម្ម​ផងដែរ ដែល​វា​ទំនងជា​បង្ក​ភាព​តានតឹង​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​។

​លោក Cong Peiwu លើកឡើងយ៉ាង​ដូច្នេះនៅក្នុង​សន្និសីទ​ព័ត៌មាន​តាម​អន​ឡាញ នៅ​ថ្ងៃទី​១៦ ខែតុលាម្សិលមិញនេះថា​៖«​យើង​ទទូច​ឲ្យ​ភាគី​កាណាដា កុំ​ផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ទៅ​ឲ្យ​ឧក្រិដ្ឋជន​ហិង្សា​ទាំងនោះ​ក្នុង​ទីក្រុង​ហុងកុង ព្រោះថា​វា​ជាការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​»​។លោក បន្តថា ទង្វើ​នេះ ក៏​ជាការ​លើកទឹកចិត្ត​ដល់​ពួក​បាតុករ​ហិង្សា​ទាំងនោះ​ផងដែរ​។ ការលើកឡើង​របស់​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កាណាដា លោក Cong Peiwu គឺជា​ការឆ្លើយតប​នឹង​របាយការណ៍​មួយ​ដែលថា គូស្នេហ៍​ហុងកុង​មួយគូ ដែល​បាន​ចូលរួម​ក្នុង​បាតុកម្មហិង្សា​កាលពី​ឆ្នាំមុន ត្រូវ​ផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​កាណាដា​។

​លោកអគ្គរដ្ឋទូត​ចិនរូបនេះ បាននិយាយទៀតថា ប្រសិនបើ​ខាង​កាណាដាពិតជា​ខ្វាយខ្វល់​អំពី​ស្ថិរភាព និង​វឌ្ឍនភាព​ក្នុង​ទីក្រុង​ហុងកុងហើយ​ពិតជា​យកចិត្តទុកដាក់​លើ​សុខទុក្ខ​និង​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​កាណាដា​ទាំង​៣០​ម៉ឺន​នាក់ ដែល​កំពុង​រស់នៅក្នុង​ហុងកុង ព្រមទាំង​ក្រុមហ៊ុន​កាណាដា​មួយចំនួនធំ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ហុងកុង រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​គួរ​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​ទីក្រុង​ហុងកុង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ហិង្សា​។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

ដោយឡែកលោក  Francois-Philippe Champagne រដ្ឋមន្ត្រីការបរទេស​កាណាដា បានចាត់ទុក​សម្តី​រប​ស់លោក Cong​ថា​មិនអាច​ទទួលយកបាន​ទាំងស្រុង និង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ព្រោះក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​អះអាងថា លោក​បានចេញ​បញ្ជា​ឲ្យ​ក្រសួងការបរទេស​កោះហៅ​លោក​អគ្គរដ្ឋទូត​ចិន​មក​បញ្ជាក់​ឲ្យ​ច្បាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។​

​សូមជម្រាបថា ចាប់តាំងពីមាន​ការចាប់​ឃាត់ខ្លួន​អ្នកស្រី Meng Wanzhou អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​យក្ស​ចិន Huawei និង​ជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​នេះ មើលឃើញថាទំនាក់ទំនង​ការទូត​៥០​ឆ្នាំ​រវាង​ចិន​និង​កាណាដា មាន​ភាព​ល្អក់កករ​ខ្លាំងផងដែរ​។​

​គួររម្លឹកដែរថា អ្នកស្រី Meng Wanzhou អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​យក្ស​ចិន Huawei ត្រូវបាន​ចាប់ខ្លួន​ក្រោម​ដីការ​របស់​សហរដ្ឋអាមេរិក​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ អំឡុងពេល​អ្នកស្រី​នៅ​ទីក្រុងVancouver ហើយ​ត្រូវ​ជាប់ចោទ​ពីបទ​បោកប្រាស់​ធនាគារ​ពាក់ព័ន្ធ​ការបំពាន​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​។ ភ្លាមៗ​ក្រោយមក អតីត​អ្នក​ទូត​កាណាដា Michael Kovrig និង​អ្នកជំនួញ​កាណាដាMichael Spavor ត្រូវ​ចាប់ខ្លួន​ក្រោម​បទ​ចោទ​ចារកម្ម​។

គួរបញ្ជាក់ថា សម្រាប់រដ្ឋាភិបាល​លោកខាងលិច ​មើលឃើញ​ការចាប់​ឃុំឃាំង​ពលរដ្ឋ​កាណាដា​ទាំងពីរ​នាក់​នេះ​ជាការ​សងសឹក​របស់​ក្រុង​ប៉េកាំងផងដែរ​៕ដោយ៖ស តារា


ចែករំលែក៖