ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានបន្តផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន ១៤៣គ្រួសារ រស់នៅភូមិចំនួន៩ ក្នុងឃុំបន្ទាយនាង ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋដែលបានរងគ្រោះដោយ សារទឹកជំនន់រហ័សនាពេលនេះ ព្រមទាំងបានពាំនាំសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ៖
* សូមគិតគូរពីសុវត្ថិភាព និងបង្កេីនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡេីងដោយទឹកជំនន់ ជាពិសេសកុមារៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
* សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកេីតមានជំងឺគ្រុនឈាម និងគ្រុនឈីក។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប៕
ដោយ៖ សិលា