ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំរាត្រី កំពុងដឹកនាំកម្លាំងចុះជម្លៀសប្រជាពលរដ្ឋទាំងយប់បានប្រាប់ថា ៖ ទឹកដែលជន់លិចនៅផ្នែកខ្លះក្នុងក្រុងប៉ោយប៉ែត និងអូរជ្រៅនេះ គឺជាបរិមាណទឹកភ្លៀងនៅក្នុងប្រទេសផង និងទឹកខ្លះហូរធ្លាក់មកពីខាងប្រទេសថៃ។
លោកប្រាប់អ្នកសារព័ត៌មានថា៖ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ទឹកចាប់ផ្តើមជន់លិចនៅផ្នែកខ្លះក្នុងស្រុកថ្មពួក អូរជ្រៅ និងក្រុងប៉ោយប៉ែតហើយ។ បើតាមលោក អ៊ុំ រាត្រី ទឹកដែលហូរមកពីប្រទេសថៃនេះ មិនមែនជាការបើកទំនប់នោះទេ គឺជាទឹកបរិមាណទឹកភ្លៀងដែលហូរហៀរធ្លាក់មក។ ដោយឡែកទំនប់នៅក្នុងខេត្តស្រះកែវ ដែលថៃធ្លាប់ជូនដំណឹងថាបើកនោះមិនទាន់បើកនៅឡើយទេ។
សូមបញ្ជាក់ថា៖ ពេលនេះលោកបានបញ្ជា កងពលតូចថ្មើរជើងលេខ៥១ យោធាខេត្ត នគរបាល និងកងពលពិសេស៩១១ ទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ អមដោយទូកដែលជាអំណោយរបស់សម្តេចតេជោ។ ក្នុងនោះកងកម្លាំងខ្លះ បានជួយជញ្ជូនទ្រព្យសម្បត្តិប្រជាពលរដ្ឋដាក់ទៅទីទួលមានសុវត្ថិភាព និងអ្នកខ្លះជម្លៀសពីផ្ទះទីទួល។ បើតាមលោក អ៊ុំ រាត្រី ប្រជាពលរដ្ឋនៅប៉ោយប៉ែតប្រមាណ ៥០គ្រួសារហើយ ត្រូវបានជម្លៀសពីលំនៅឋាន។ ទន្ទឹមនឹងប្រជាពលរដ្ឋប្រឈមការលិចលង់ដទៃទៀតក៏ត្រូវបានជូនដំណឹងឱ្យត្រៀមលក្ខណៈក្នុងការជម្លៀស ខណៈកងកម្លាំងត្រូវបានណែនាំត្រៀមលក្ខណៈជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ៕
ដោយ៖សិលា