ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពវៀតណាមចំនួន២២នាក់បាត់ខ្លួន ក្រោយហេតុការណ៍បាក់ដីវាយប្រហារបន្ទាយកងទ័ពយោធាក្នុងខេត្ត Quang Tri

ចែករំលែក៖

អន្តរជាតិ៖ បើតាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កងទ័ពវៀតណាមចំនួន២២នាក់បានបាត់ខ្លួន បន្ទាប់ពីហេតុការណ៍បាក់ដីកើតលើបន្ទាយយោធានៅខេត្តភាគកណ្ដាល ខណៈសាកសពយោធា១៣នាក់ ត្រូវបានរកឃើញក្រោយហេតុការណ៍បាក់ដីមួយទៀតនៅថ្ងៃទី១៦ ខែតុលាថ្មីៗនេះ

ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលានេះ រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ទៀតថា មានទាហានយ៉ាងហោចណាស់២២នាក់ កំពុងបាត់ខ្លួនបន្ទាប់ពីហេតុការណ៍បាក់ដីវាយប្រហារបន្ទាយកងទ័ពមួយកន្លែងចំណុះយោធភូមិភាគទី៤ ក្នុងខេត្ត Quang Tri ភាគកណ្ដាលប្រទេស។

បើតាមប្រធានអគ្គសេនាធិការកងទ័ពវៀតណាម ឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ប្រាប់អ្នកសារព័ត៌មានទាំងក្ដុកក្ដួលថា៖ យើងមិនបានដេកលក់ឡើយ។

សូមជម្រាបថា តាំងពីដើមខែតុលាមក ប្រទេសវៀតណាម រងការវាយប្រហារផ្ទួនៗដោយព្យុះបោកបក់មកពីសមុទ្រចិនខាងត្បូង ដែលនាំយកទឹកភ្លៀងមិនចេះដាច់។ ការជួយសង្រ្គោះ ដែលកំពុងធ្វើឡើង ប្រឈមមុខបញ្ហាបាក់ដី និងការធ្លាក់ភ្លៀងខ្លាំង។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ខេត្តQuang Tri ជាតំបន់រងគ្រោះខ្លាំងដោយសារទឹកជំនន់។ ខណៈខេត្តThua Thien Hue ក្បែរខាង ក៏រងគ្រោះខ្លាំងក្នុងគ្រោះទឹកជំនន់ដែលសម្លាប់មនុស្សយ៉ាងហោចណាស់៦៤នាក់ហើយនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្រិតទឹកភ្លៀង ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងព្រោះព្យុះមួយចំនួនទៀត នឹងបោកបក់ដល់វៀតណាមរហូតដល់សប្ដាហ៍ក្រោយ ចំណែកឯនៅខេត្ត Thua Thien Hue ដដែល ក្រុមអ្នករុករកបានរកឃើញសាកសពចំនួន១៣ ដែលភាគច្រើនជាយោធាដែលបានកប់ក្រោមបំណាក់ដីអំឡុងពេលចេញប្រតិបត្តិការសង្រ្គោះនៅទីតាំងវារីអគ្គិសនីមួយកន្លែង៕

ដោយ៖ស តារា


ចែករំលែក៖