អន្តរជាតិ៖ បើតាមសារព័ត៌មាន BBC បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទទី១៩ខែតុលា ឆ្នាំ២០២០នេះថា ក្រុមអ្នកជួយសង្រ្គោះរបស់អាជ្ញាធរវៀតណាមនៅតែបន្តប្រតិបត្តិការស្វែងរកទាហាន ១១នាក់ដែលកំពុងជាប់នៅក្រោមគំនរបាក់បែក នៃអាគារស្នាក់នៅរបស់ពួកគេ ត្រូវបានកប់ដោយគ្រោះរអិលដីកាលពីថ្ងៃអាទិត្យម្សិលមិញ។
ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១៨ ខែតុលា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ទាហានយ៉ាងហោច ២២នាក់បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីមួយ បានវាយប្រហារបន្ទាយរបស់ពួកគេនៅក្នុងខេត្ត ក្វាងទ្រី(Quang Tri) ភាគកណ្ដាលនៃប្រទេស។
សូមជម្រាបថា ករណីគ្រោះរអិលបាក់ដីខាងលើនេះ បានវាយប្រហារលើបន្ទាយនៃកងអង្គភាពមួយ ចំណុះឲ្យយោធាតំបន់ទី៤ (4th Military Region) ហើយគិតមកទល់នឹងពេលនេះ សាកសពទាហាន ១១នាក់ហើយត្រូវបានគេទាញចេញពីគំនរបាក់បែក នៃអាគារដែលត្រូវដីបាក់សង្កត់នោះ។
គួររម្លឹកដែរថា ចាប់តាំងពីដើមខែតុលាមកទល់ពេលនេះ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបានផ្ដាច់ជីវិតប្រជាជនយ៉ាងហោច ៧០នាក់ នៅតំបន់ភាគកណ្ដាលប្រទេសវៀតណាម ហើយភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ត្រូវបានគេរំពឹងថា នៅបន្តកើតឡើងនៅប៉ុន្មាថ្ងៃខាងមុខនេះទៀត។
គួរបញ្ជាក់ថា ផ្ទៃដីដំណាំរាប់ម៉ឺនហិកតា លំនៅឋានប្រជាជនរាប់ពាន់ខ្នង និងសត្វពាហនៈរាប់សែនក្បាល ត្រូវបានលិចលង់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់ខាងលើនេះ៕
ដោយ៖ស តារា