ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃប្តេជ្ញា​ការពារ​ព្រះមហាក្សត្រ​និងរបបរាជានិយម ចំពោះ​ការធ្វើបាតុកម្ម

ចែករំលែក៖

រដ្ឋាភិបាលថៃនៅថ្ងៃទី១៩ ខែតុលានេះបានប្រកាសថានឹងការពាររបបរាជានិយម​ ក្រោយពេលមានបាតុកម្មជាច្រើន​កើនឡើង​នៅទីក្រុងបាងកក និងខេត្តក្រុងជាច្រើនផ្សេងទៀតប្រឆាំងរដ្ឋាភិបាលនិងកែទម្រង់រដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​។
បើទោះបីរដ្ឋាភិបាលចេញច្បាប់​គ្រាមានអាសន្ន ហាមប្រាមជួបជុំគ្នាលើសពី​៥នាក់ ​ ប៉ុន្តែក៏មានបាតុករជាង១ម៉ឺននាក់ជួបជុំគ្នា កាលពីថ្ងៃទី​១៨ ខែតុលាកន្លងមក ក្នុងទីក្រុងបាងកក។ បាតុកម្មធ្វើឡើងនៅជុំវិញវិមាន​ជ័យជម្នះក្នុងរាជធានីបាងកក។
មានប្រសាសន៍នៅក្នុងវិមាននាយករដ្ឋម​ន្ត្រីនាថ្ងៃទី​១៩ខែតុលា លោកប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា លោកបានសម្រេចគាំទ្រ ការសម្រេចរបស់រដ្ឋសភា​ដែលបានកោះប្រជុំជាបន្ទាន់​ ពិភាក្សាពីការធ្វើបាតុកម្មរបស់ក្រុមនិស្សិត ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា « រដ្ឋាភិបាលនឹងខិតខំអស់ពីសមត្ថភាព​ដើម្បីចរចាជាមួយ​ក្រុមបាតុករស្វែងរកដំណោះស្រាយសមស្រប។ ប៉ុន្តែខ្ញុំសូមស្នើដល់បាតុករ មិនត្រូវធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​សាធារណៈ»។​ លោកប្រាយុទ្ធបន្តទៀត​ថា កិច្ចចរចាជាមួយបាតុករ​ អាចនឹងធ្វើឡើងនៅថ្ងៃទី​២០ខែតុលានេះ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធបានលើកឡើងថា​«ការដែលរដ្ឋាភិបាលត្រូវការពាររបបរាជានិយម​គឺជាកាតព្វកិច្ច​​របស់រដ្ឋនិងពលរដ្ឋត្រូវតែធ្វើ»។ លោកបន្តទៀតថា បើបាតុកម្មធ្វើឡើងដោយសន្តិភាពនោះ​រដ្ឋាភិបាល​នឹងមិនប្រើហិង្សាឡើយ ផ្ទុយទៅវិញបើបង្កហិង្សា​នឹងត្រូវទទួលរងនូវការបំបែកដោយហិង្សាជាមិនខានឡើយ៕

ដោយ៖ធី រីណា


ចែករំលែក៖