ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងប្រុសម្នាក់ទៀតសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ព្រូស មួយគ្រឿងជ្រុលទៅបុកជាមួយនឹងរថយន្ត Lexus Rx450h បើកបរបញ្រ្ចាសទិសដៅគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ យប់ថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២០ស្ថិតតាមបណ្ដោយផ្លូវ ១៤៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងរបស់ម្នាក់ទៀតបើករថយន្ត toyota prius ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-6440ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតបុកជាមួយនឹងរថយន្តlexus rx450h មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-1752 បើកបរលក្ខណៈគ្រួសារ មានស្រីប្រុសក្មេងចាស់ជាច្រើននាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងបញ្ឆិតផ្នែកខាងមុខខាងឆ្វេងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសងខាងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត ១ ម៉ោងទើបភាគីខាងរថយន្ត toyota prius ចេញសំណងចំនួន ៣៥០ ដុល្លារទៅឲ្យខាងរថយន្ត lexus ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖សុខាសែនជ័យ