ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតបានបើករថយន្តម៉ាកហ្វដរ៉េនជើរជ្រុលទៅបុករថយន្តឡិចស៊ីស បណ្តាលឲ្យរងការខូចខាតទាំងសងខាងហេីយត្រូវបានអ្នកសារព័ត៌មានចុះមកថតផ្សាយផ្ទាល់ តែត្រូវបានស្ត្រីរូបនោះដេញចាប់យកទូរស័ព្ទអ្នកសារព័ត៌មានរត់ចែកជើងគ្នាតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែតុលាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ខាងមុខភោជនីយដ្ឋាន(តាយតាយ២) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតបានបើករថយន្តម៉ាកហ្វដរ៉េនជើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-6799 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុករថយន្តឡិចស៊ីសRX- 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-0882 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិច ចំកង់ខាងមុខខាងឆ្វេងបណ្ដាលឲ្យរថយន្តឡិចស៊ីសដាច់កាឡេកង់ខាងមុខ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៥០ម៉ែត្រ ដាច់កាឡេកង់ខាងមុខដូចគ្នា។
ក្រោយពេលកើតហេតុមានអ្នកសារព័ត៌មានបានចុះមកដល់កន្លែងកើតហេតុដេីម្បីថតផ្សាយព័ត៌មានផ្ទាល់ស្រាប់តែស្ត្រីរូបនោះបានមកដេញចាប់យកទូរស័ព្ទអ្នកសារព័ត៌មានកុំឲ្យផ្សាយហើយប្រាប់ទៅអ្នកសារព័ត៌មានថា កុំឱ្យផ្សាយថារូបគេជាអ្នកខុស ឲ្យនិយាយត្រឹមត្រូវ បើមិនត្រឹមត្រូវទេ រូបគេនឹងប្តឹងអ្នកសារព័ត៌មានទៀត។ការព្រមាននេះធ្វើឲ្យអ្នកសាព័ត៌មានខ្ជឹលតបតវែងឆ្ងាយ ខ្លាចទាស់ពាក្យសម្តីគ្នានាំឲ្យមានរឿងវែងឆ្ងាយ គឺបានត្រឹមរត់ចែកជើងគ្នាកាត់ភ្លៀងប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោង ដោយមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀត ហេីយភាគីបង្កបានចេញសំណងចំនួន៨០ដុល្លារទៅឲ្យភាគីរងគ្រោះដោយភាគីរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏ព្រមទទួលយកដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ជ្រោយពេជ្រ