ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បុរីត្រពាំងថ្លឹង១ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លោកបានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការទប់ទំនប់ជុំវិញ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីឱ្យអស់ ខណៈបុរីនេះកំពុងតែទទួលរងការ លិចលង់នៅឡើយ។ ក្រោយពីបូមទឹកស្រកអស់ហើយ លោកនឹងបញ្ជាឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគនិងសត្វល្អិតនៅក្នុងបុរីនេះផងដែរ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។
លោកឃួង ស្រេង បានមានប្រសាសន៍បែបនេះ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ខណៈដែលលោកដឹកនាំអាជ្ញាធរដែនដីនិងមន្ត្រីមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយបង្ហូរទឹកទួលពង្រ រហូតដល់បុរីត្រពាំងថ្លឹង១ ខាងលើ ដើម្បីរកគ្រប់មធ្យោបាយកុំឱ្យមានការលិចលង់ទៀត។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មិនមែន មិនខ្វាយខ្វល់ មិនជួយបងប្អូនប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌពោធិ៍សែនជ័យនោះទេ តែដោយសារតែក្នុងរយៈប្រមាណជាមួយសប្តាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនិងកម្លាំងប្រដាប់អាវុធបានប្រើកម្លាំងសរុបទាំងអស់ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោតដែលជន់លិចសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ ដោយនៅទីនោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌពោធិ៍សែនជ័យនេះ ។
លោកបញ្ជាក់ថា គ្រាន់តែនៅក្នុងសង្កាត់ចំនួន១២ក្នុងខណ្ឌដង្កោ គឺមានសង្កាត់ចំនួន៩ទៅហើយដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែក ត្នោតនេះ ។
លោកបានបន្តថា ខណៈទឹកស្ទឹងព្រែកត្នោតកំពុងតែគំរាមកំហែងនៅសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោនេះ គឺអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងទាហានបានប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បីទប់ទឹក តែមិនអាចទៅរួច ទើបយើងដកថយយកកម្លាំងមកជម្លៀស ប្រជាពលរដ្ឋដែលលិចលង់ទៅកាន់ទីទួលសុវត្ថិភាព ហើយកិច្ចការនេះយើងទទួលបានជោគជ័យហើយ។ ក្រោយពីស្ថានភាពនៅក្នុងខណ្ឌដង្កោបានធូរស្រាលហើយនោះ ទើបលោកមានឱកាសងាកមកជួយបងប្អូនប្រជាពលរដ្ឋដែលលិចលង់លំនៅឋានដោយជំនន់ទឹកភ្លៀងនៅខណ្ឌពោធិ៍សែនជ័យនាពេលនេះ។
លោកបញ្ជាក់ថា សម្រាប់បុរីត្រពាំងថ្លឹងនេះ លោកបានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការទប់ទំនប់ជុំវិញ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីតែម្ដង ខណៈដែលបុរីនេះកំពុងតែទទួលរងការលិចលង់នៅឡើយ។ ក្រោយពីបូមទឹកស្រកអស់ហើយ លោកនឹងបញ្ជាឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគនិងសម្លាប់សត្វល្អិតនៅក្នុងបុរីនេះផងដែរ។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ចំពោះកិច្ចការចំពោះមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ធ្វើការសិក្សាឲ្យបានច្បាស់លាស់ ក្នុងភូមិសាស្ត្រនេះ ពោលគឺត្រូវដាក់លូរបៀបណា ទប់ទំនប់របៀបយ៉ាងណា ដើម្បីរំដោះទឹកចេញ ។
ក្រោយពីការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធ ឃើញថា ទឹកតំបន់នេះបានស្រកប្រមាណជា៣តឹកហើយ ប៉ុន្តែប្រជាពលរដ្ឋមិនអាចរស់នៅកើតទេ ដោយសារតែទឹកនេះ វាមានក្លិនស្អុយទៅហើយ ដែលដាច់ខាតយើងត្រូវតែទប់និងបូមទឹកសម្អុយនេះចេញឱ្យអស់។
លោក ឃួង ស្រេង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំរំលោភប្រឡាយបង្ហូរទឹក ការរំលោភប្រឡាយនេះហើយធ្វើឲ្យស្ទះចរន្តទឹកហូរ ទើបបណ្តាលឱ្យលិចលង់លំនៅឋានបងប្អូនប្រជាពលរដ្ឋ។
សម្រាប់ការងារចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញនឹងការពារប្រឡាយឱ្យបានគង់វង្ស ជាមួយនឹងការស្ដារប្រឡាយជាប្រចាំ ជៀសសវាងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត។
សូមបញ្ជាក់ដែរថា៖ កាលពីរសៀលថ្ងៃទី១៩តុលានេះដែរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលប្រព័ន្ធប្រឡាយ លូ និងស្ថានភាពទឹកនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោសិនមុននឹងទៅខណ្ឌពោធិ៍សែនជ័យ ៕ដោយ៖សំរិត