ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានចុះពិនិត្យស្ថានភាពទឹកក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដែលឃុំ មួយចំនួនមានការជន់លិច ដោយបានបញ្ជាដល់កម្លាំងចេញប្រតិបត្តការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង សហការជាមួយអាជ្ញាធរដែនដី នគរបាល កងរាជអាវុធហត្ថ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
សូមជម្រាបជូនថា ៖ លោក អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម បន្តតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់ជាប្រចាំ ប្រសិនបើទឹកឡើងដល់កម្រិតមួយត្រូវប្រកាសអាសន្ននោះត្រូវឆាប់ជូនដំណឹងដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព ហើយត្រូវសហការ និងត្រួតពិនិត្យនូវទ្វារទឹកដែលអាចបើកបញ្ជៀសទឹក និងជៀសវាងក្នុងការបាក់ទំនប់ ឬទឹកឡើងដល់កម្រិត។
ជាមួយគ្នានោះ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាត ឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផ្តល់ជូនដល់ពលរដ្ឋរងគ្រោះផងដែរ៕
ដោយ៖ សិលា