អន្តរជាតិ៖ បន្ទាប់ពីមានហេតុការណ៍ប្រតាយប្រតប់គ្នាមួយ រវាងអ្នកការទូតប្រទេសចិន និងតៃវ៉ាន់ នៅកន្លែងជួបជុំប្រារព្ធពិធីបុណ្យជាតិតៃវ៉ាន់កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅនៅឯកោះហ្វីជី ភាគីចិន និងតៃវ៉ាន់ នៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ បានចេញមកអះអាងរៀងៗខ្លួនថាអ្នកការទូតប្រទេសទាំងពីរ សុទ្ធតែរងរបួសដូចគ្នា ។
បើតាមការផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters ដែលបានដកស្រង់ចេញពីក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ តុលាម្សិលមិញនេះថា៖ អ្នកការទូតរបស់ខ្លួនមួយរូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីព្យាយាមរារាំង មិនឲ្យអ្នកការទូតចិនពីររូបចូលទៅថតរូបនិងប្រមូលព័ត៌មានអំពីអ្នកដែលចូលរួមក្នុងកម្មវិធីបុណ្យជាតិតៃវ៉ាន់ ដែលរៀបចំដោយការិយាល័យតំណាងតៃវ៉ាន់ ប្រចាំប្រទេសហ្វីជី។
ចំណែក លោក Henry Tseng អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ថ្លែងនៅចំពោះមុខរដ្ឋសភានៅទីក្រុងតៃប៉ិ បានអះអាងថា លោកនៅបន្តពិនិត្យមើលហេតុការណ៍នេះថា ជាសកម្មភាពទូទៅរបស់ចិន ឬជាសកម្មភាពដោយឡែក។ ទោះជាយ៉ាងណាក្តី តៃវ៉ាន់ថ្កោលទោសសកម្មភាពរបស់អ្នកការទូតចិនទាំងពីររូបខាងលើ។ មន្ត្រីទូតតៃវ៉ាន់ អះអាងថា មន្ត្រីទូតចិន ព្យាយាមថតរូបនិងប្រមូលព័ត៌មាន ដើម្បីចង់ដឹងថាមានអ្នកនយោបាយហ្វីជីណាខ្លះចូលរួមក្នុងពិធីនោះ។ ជាមួយគ្នានោះ តៃវ៉ាន់ក៏អះអាងថា ប៉ូលីសហ្វីជីបានចូលជួយអន្តរាគមន៍ និងបានបង្ខំឲ្យមន្ត្រីការទូតចិនចាកចេញពីកន្លែងជួបជុំនោះដែរ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ មន្រ្តីស្ថានទូតចិននៅឯកោះហ្វីជី ក៏បានអះអាងវិញថា ការប្រារព្ធបុណ្យជាតិតៃវ៉ាន់ ជាការបំពានគោលការណ៍ចិនតែមួយ ឬបង្កើតរូបភាពចិន និងតៃវ៉ាន់ជារដ្ឋដាច់ដោយឡែកពីគ្នានៅលើឆាកអន្តរជាតិ។ មន្រ្តីស្ថានទូតចិន បន្ថែមទៀតថាមន្ត្រីការទូតរបស់ខ្លួនម្នាក់រងរបួស និងចោទអ្នកការទូតតៃវ៉ាន់ថា ជាអ្នកបង្ករឿងទៅលើបុគ្គលិកស្ថានទូតរបស់ខ្លួនដែលកំពុងបំពេញមុខងារផ្លូវការនៅក្បែរកន្លែងរៀបចំនោះ។
មន្រ្តីស្ថានទូតចិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ចិន។ តៃវ៉ាន់ជាផ្នែកមួយមិនអាចផ្តាច់បានពីទឹកដីចិន»។
គួរបញ្ជាក់ដែរថា ប្រទេសកូនកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះ ក៏ជាទីប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយរវាងចិន និងតៃវ៉ាន់ផងដែរ ។ ខណៈតៃវ៉ាន់មានទំនាក់ទំនងការទូតជាមួយប្រទេស៤ ក្នុងតំបន់ក្នុងនោះរួមមាន៖ ណូរូកោះម៉ាសាល់ ប៉ាឡាវ និងទូវ៉ាលូ។ តៃវ៉ាន់ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយហ្វីជីទេ ប៉ុន្តែមានការិយាល័យតំណាងពាណិជ្ជកម្មនៅទីនោះ។ចំណែកចិន មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់តាំងតែពីឆ្នាំ១៩៧៥មកម្លេះ៕
ដោយ៖ស តារា