ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ស្លាប់ដោយសារ រថយន្តដឹកទឹកកកសញ្ញាសេះហោះមានជ័យបុក កាលពីវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី២០ ខែតុលាឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ២៥៦៣ ស្ថិតនៅចំណុចខាងលិចសាលាឃុំគោករមៀត ចម្ងាយ២៥០ម៉ែត្រ ស្ថិតក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ។
ជនរងគ្រោះដែលស្លាប់ឈ្មោះធាន ឈូញ អាយុ ៥០ ឆ្នាំ រស់នៅភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ។
នគរបាលចរាចរណ៍ប្រាប់ថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ បាត់ដំបង.៣A-២៩០០ របស់ក្រុមហ៊ុនដឹកទឹកកសេះហោះមានជ័យ បើកបរមានល្បឿនលឿនក្នុងទីប្រជុំជន បើកក្នុងទិសដៅពីកើតទៅលិច ពេលដល់ចំណុចកើតហេតុខាងលិចសាលាឃុំគោករមៀត ចម្ងាយ២៥០ម៉ែត្រ បានបុកស្ត្រីម្នាក់រត់ឆ្លងផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុអ្នកបើកបរ (រត់គេចខ្លួនពីកន្លែងកើតហេតុបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ)។
នគរបាលបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីជនរងគ្រោះរត់ឆ្លងផ្លូវមិនប្រយ័ត្ន ចំណែករថយន្តបើកមានល្បឿនលឿន ។សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី រថយន្តយកមករក្សាទុកនៅអធិការដ្ឋាន បន្ទាប់ពីនគរបាលជំនាញធ្វើការវាស់វែងរួច ដើម្បីកសាងសំណុំរឿង៕ វណ្ណា